ទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកើនឡើងជាង ១ពាន់លានដុល្លារ បន្ទាប់ពីលោកបានរួចផុតជីវិតពីការប៉ុនប៉ងធ្វើឃាត ក្នុងអំឡុងការជួបជុំដ៏ធំមួយ ដើម្បីស្វែងរកសន្លឹកឆ្នោត នៅរដ្ឋ Pennsylvania។
ក្រោយហេតុការណ៍នេះ ទ្រព្យសម្បត្តិរបស់លោក ត្រាំ បានកើនឡើង ២០,៥% ដល់ចំនួនសរុប ៦,៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃអង្គារ ទី១៦ ខែកក្កដា។ នេះបើយោងតាមទស្សនាវដ្តី Forbes។
ទន្ទឹមនឹងនេះ តម្លៃភាគហ៊ុនក្រុមហ៊ុន Trump Media & Technology Group Corp របស់លោក ត្រាំ ក៏បានកើនឡើងដល់ ៣១% ផងដែរ។
គួរឲ្យដឹងថា លោក ត្រាំ ដែលស្ថិតក្នុងចំណោមបញ្ជីឈ្មោះអ្នកមានបំផុតទាំង ៥០០ នាក់ របស់ពិភពលោក បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូង កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកត្រូវបានគេប៉ុនប៉ងបាញ់សម្លាប់ នៅឯការជួបជុំមួយ ក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យ។
ការបាញ់ប្រហារនេះបណ្តាលឲ្យអ្នកចូលរួមម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស ខណ:លោក ត្រាំ បានរងរបួសត្រង់ត្រចៀកខាងស្តាំ និងត្រូវបានបញ្ចូនចេញពីកន្លែងជួបជុំ ទៅកាន់មន្ទីរពេទ្យភ្លាមៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។