សម្តេចតេជោ ចង់ឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចង់ឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈបច្ចុប្បន្នការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ថ្លែងបែបនេះ នៅក្នុងជំនួបរវាងសម្ដេច និងលោក YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើនមកដល់កម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេស ក្នុងការបោសសម្អាតមីន ហើយជប៉ុន ក៏បានជួយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ដែលបច្ចុប្បន្នកំពង់ផែស្វយ័តកម្ពុជា កំពុងឈានទៅដល់ការពង្រីកសមត្ថភាពសម្រាប់ការចូលចតនាវាខ្នាតធំ។

សម្តេចបន្តថា ទោះបីជាមានការផ្តល់ជំនួយច្រើនពិតមែន ប៉ុន្តែសម្តេច សង្កេតឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ ខណៈសម្ដេច ចង់ឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ទន្ទឹមគ្នានេះ សម្ដេចបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី កំពុងរៀបចំបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប លោក YAMAGUCHI Natsuo ក៏បានលើកឡើងពីពាណិជ្ជកម្ម និងការវិនិយោគជប៉ុននៅកម្ពុជា ដោយបានលើកអំពីការវិនិយោគរបស់ក្រុមហ៊ុនផ្សារទំនើបអ៊ីអន និងការតម្លើងរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតាផងដែរ។ លោក ជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតី ដែលប្រាកដជានាំមកនូវការរីកចម្រើនផ្នែកវិនិយោគនេះបន្ថែមទៀត តាមរយៈធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគក្នុងប្រទេសកម្ពុជា។

តាមរយៈជំនួបពិភាក្សាខាងលើ បានឱ្យដឹងដែរថា បច្ចុប្បន្នមានប្រជាជនជប៉ុន កំពុងរស់នៅក្នុងប្រទេសកម្ពុជាប្រមាណ ៤.០០០នាក់ រីឯ ប្រជាជនកម្ពុជារស់នៅក្នុងប្រទេសជប៉ុន គឺមានចំនួនប្រមាណជា ២០.០០០នាក់។ ភាគីទាំងពីរ អះអាងថា ក្រៅពីទំនាក់ទំនងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកម្ពុជា-ជប៉ុន នឹងចូលរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀតផង៕អត្ថបទ៖ រង្សី