ឧកញ៉ា ឃន ឈុនដារ៉ា និងឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ សហស្ថាបនិកក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តថ្មី Denza CITYMALL និងពិធីបើកសម្ពោធក្រុមហ៊ុនរថយន្ត 𝗗𝗘𝗡𝗭𝗔 𝗖𝗔𝗠𝗕𝗢𝗗𝗜𝗔 នៅទល់មុខផ្សារទំនើប City Mall ក្បែរពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
Denza ជាម៉ាកយីហោមួយរបស់ BYD ដែលជាប្រភេទរថយន្តអគ្គីសនីកំពុងឈានមុខគេមួយនៅលើពិភពលោក។ កាលពីថ្ងៃទី១៥ ខែកក្កដា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Liu Xueliang អ្នកគ្រប់គ្រងទូទៅផ្នែកលក់នៃក្រុមហ៊ុន BYD Asia Pacific និងគណៈប្រតិភូអមដំណើរ និងលោកស្រី Gong Kun អ្នកតំណាងផ្នែកអាជីវកម្មក្រុមហ៊ុន Harmony BYD Cambodia។
លោក Liu Xueliang បានថ្លែងថា មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តថ្មី Denza CITYMALL គឺជាមជ្ឈមណ្ឌលតាំងបង្ហាញក្នុងទីក្រុងដំបូងគេបង្អស់របស់ BYD នៅក្នុងទីផ្សាររថយន្តដៃឆ្វេងក្រៅប្រទេស លោកបានថ្លែងអំណរគុណដល់អតិថិជនកម្ពុជាសម្រាប់ការគាំទ្រ BYD ហើយសង្ឃឹមថាការមកដល់របស់ Denza D9 នឹងនាំមកនូវទិដ្ឋភាពជីវិតកាន់តែសម្បូរបែបដល់ម្ចាស់រថយន្តនៅកម្ពុជា។
ក្នុងពិធីបើកសម្ពោធនេះ រួមមានវត្តមាន លោក Ye Chenghui នាយកផ្នែកលក់ប្រចាំតំបន់រថយន្ដ BYD Asia Pacific, លោក Chen Yifei និង លោក Chen Daoyin ប្រធានផ្នែកលក់នៃផ្នែកលក់រថយន្ត BYD Asia Pacific, លោក Liang Xinyue អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Harmony BYD Asia Pacific និង លោកស្រី Gong Kun ប្រធានអ្នកតំណាងអាជីវកម្មរបស់ក្រុមហ៊ុន Harmony BYD Cambodia ឧកញ៉ា លឹម កុកឡុង នាយកប្រតិបត្តិក្រុមហ៊ុន KHIEV Auto អញ្ជើញកាត់ខ្សែបូដើម្បីបើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តថ្មី។
សូមជម្រាបថា ឧកញ៉ា ឃន ឈុនដារ៉ា គឺជាម្ចាស់ហាង KOI និង Tube Coffee ព្រមទាំងមានមុខជំនួយជាច្រើនទៀត ខណៈដែលឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ក៏ជាម្ចាស់ហាងកាហ្វេ TUBE Coffee + នៅខណ្ឌទួលគោក និងជាភាគទុនិកក្រុមហ៊ុនលក់រថយន្តអគ្គិសនីដ៏ល្បីរបស់ចិន BYD សាខាព្រះមុន្នីវង្ស ផងដែរ៕