សន្ទស្សន៍តម្លៃហ៊ុននៃក្រុមហ៊ុនបន្ទះឈីប ដែលមានវត្តមានលើផ្សារហ៊ុនអាមេរិកបានរបូតលុយអស់ប្រហែល ៥០០ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាល បានរឹតបន្តឹងកាន់តែខ្លាំងលើការនាំចេញផលិតផលបន្ទះឈីបទៅកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ហេតុផលមួយទៀត ដែលធ្វើឲ្យតម្លៃហ៊ុនបន្ទះឈីបដាំក្បាលចុះជាខ្លាំង គឺដោយសារបេក្ខភាពប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ ទាមទារឲ្យកោះតៃវ៉ាន់ បង់ថ្លៃការពារដែលអាមេរិកធ្លាប់ជួយកន្លងមក ដែលធ្វើឲ្យក្រុមហ៊ុនបន្ទះឈីបនៅតៃវ៉ាន់ភាគច្រើន ជួបប្រទះនូវការថយចុះនៃតម្លៃភាគហ៊ុនរបស់ពួកគេ។
ក្នុងនោះ ក្រុមហ៊ុនដែលរកការខាតបង់ច្រើនបំផុតគឺ ក្រុមហ៊ុន Nvidia ដែលរបូតលុយអស់ប្រហែល ២០០ពាន់លានដុល្លារ ខណៈក្រុមហ៊ុន AMD ក៏ខាតអស់រាប់សិបពាន់លានដុល្លារផងដែរ។
សូមជម្រាបដែរថា ក្រុមវិនិយោគិនលើវិស័យផលិតបន្ទះឈីប មានការព្រួយបារម្ភកាន់តែខ្លាំង ក្រោយអាមេរិកនៅតែបន្តរឹតបន្តឹងការផលិតផលបន្ទះឈីបរបស់ចិន ដោយបានគម្រាមទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន ហាមមិនឲ្យចែករំលែកបច្ចេកវិទ្យាទៅឲ្យចិន បើមិនដូច្នោះពួកគេ នឹងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីអាមេរិកជាមិនខាន៕