សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងចចារ បើកជើងមេឃ ដើម្បីបើកច្រកទេសចរមកកាន់ខេត្តសៀមរាប តាមការភ្ជាប់ជើងហោះត្រង់ឱ្យបានច្រើន ខណៈបច្ចុប្បន្នទើបតែធ្វើការជំរុញឱ្យមានការភ្ជាប់ជើងហោះហើរត្រង់ជាមួយហ្វីលីលីន ថៃ ន ម៉ាឡេស៊ី និងកូរ៉េខាងត្បូងជាដើម។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងបែបនេះក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះ ព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ត សៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យទេសចរណ៍ដូចគ្នាទៅនឹងវិស័យ កសិកម្មយ៉ាងដូច្នេះដែរពោលគឺមានរដូវរបស់វា។ ការលើកឡើងរបស់សម្តេចធិបតី នេះគឺឆ្លើយតបទៅនឹង ការរិះគន់នានាចំពោះភាពស្ងៀមស្ងាត់ភ្ញៀវទេសចរនៅខេត្តសៀមរាប។
សម្តេចធិបតី បានបន្តទៀតថា វិស័យទេសចរណ៍ ជាចលករមួយដ៏សំខាន់ក្នុងការរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ហេតុនេះ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប សម្តេចបានស្នើឱ្យ មានការភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗពីប្រទេសជិតខាង ដើម្បីហោះហើរត្រង់មកខេត្តសៀមរាបតែម្តង។
ជាក់ស្តែង សម្តេចបញ្ជាក់ដូច្នេះថា៖” កាលពីថ្ងៃទី១៦ ខែកក្កដា ខ្ញុំបានចរចារជាមួយទូតហ្វីលីពីន ឱ្យបើកច្រកការតភ្ជាប់ជើង ហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មកកាន់ខេត្តសៀមរាបនៃប្រទេសកម្ពុជា។ក្រៅពីនេះ ក៏មានចរចារឱ្យមានការភ្ជាប់ពីតំបន់ទេសចរណ៍នៃកោះភួកេត របស់ប្រទេសថៃ ពីតំបន់ទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី និងពីកោះជេជូ របស់កូរ៉េខាងត្បូង មកកាន់ខេត្តសៀមរាបផងដែ”។
ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានណែនាំឱ្យរៀបចំផែនការដើម្បី ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍ ខណៈសម្តេចថា នៅពេលនេះត្រូវរួមគ្នាដើម្បីដោះស្រាយ បើទោះជាត្រូវរងការរិះគន់ពីមហាជន ប៉ុន្តែភាគីពាក់ព័ន្ធត្រូវផ្តោតយកចិត្តទុកដាក់ និងរិះរកមធ្យោបាយ ដើម្បីកែលម្អ ព្រោះមានការងារជាច្រើនទៀតដែលត្រូវធ្វើ មិនត្រូវចាំតែជាន់ពន្លិចនោះទេ៕ អត្ថបទ៖រង្សី