ក្រសួងសហគ្រាសរដ្ឋរបស់ប្រទេសឥណ្ឌូណេស៊ី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម ជាមួយក្រុមហ៊ុនអចលនទ្រព្យ Eagle Hills ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ក្រសួងដដែលនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក ចូកូ វីដូដូ ទៅកាន់ប្រទេសអារ៉ាប់រួមថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីទាំងពីរនេះ គឺសម្រាប់កិច្ចព្រមព្រៀងមមួយដែលតម្លៃប្រមាណ ៣ពាន់លានដុល្លារ ដែលផ្តោតលើការអភិវឌ្ឍសណ្ឋាគារ អាកាសយានដ្ឋាន និងគោលដៅទេសចរណ៍ ក្នុងប្រទេសឥណ្ឌូណេស៊ី។
ទោះជាយ៉ាងណាសេចក្តីថ្លែងការណ៍នេះ មិនបានផ្តល់នូវព័ត៌មានលម្អិតទាក់ទងទៅនឹងតម្លៃ ឬពេលវេលានៃផែនការវិនិយោគទាំងនេះនៅឡើយនោះទេ ប៉ុន្តែបើតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីក្រុមហ៊ុន Eagle Hills បាននិយាយថា ផែនការចម្បងមួយនៃកិច្ចព្រមព្រៀងនេះ គឺនឹងផ្តោតទៅលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ក្នុងទីក្រុងហ្សាកាតា។
រដ្ឋមន្ត្រីសហគ្រាសរដ្ឋរបស់ឥណ្ឌូណេស៊ី លោក Erick Thohir បានសង្កត់ធ្ងន់បន្ថែមទៀតថា MoU នេះនឹងមានរយៈពេលមួយឆ្នាំ ជាមួយនឹងលទ្ធភាពដើម្បីបន្តបន្ថែមទៀត ហើយក៏នឹងមិនមានរយៈពេលកំណត់សម្រាប់ការវិនិយោគតម្លៃ ៣ពាន់លានដុល្លារនេះផងដែរ៕