សម្តេចធិបតី ស្នើឱ្យធនាគារជាតិ និងធនាគារឯកជន ទម្លាក់ចោលលក្ខខណ្ឌកាត់ទឹកលុយដុល្លារចាស់ឬដាច់បន្ដិចបន្តួច

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយធនាគារឯកជន ដើម្បីទម្លាក់ចោលលក្ខខណ្ឌកាត់ទឹកលុយដុល្លារចាស់ៗ ដែលដាច់រហែកបន្ដិចបន្តួច ទក់ ឬប្រឡាក់តិចតួច ដើម្បីកុំឱ្យប្រជាពលរដ្ឋពិបាកចាយ ឬប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចេញបញ្ជារបែបនេះ ក្រោយពេលសម្តេចធិបតី បានលួចចូលទៅតំបន់ PUB Street ខេត្តសៀមរាប នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីមើលស្ថានភាពជាក់ស្តែង ក្រោយពីមានការលើកឡើងថ្មីៗនេះថា ស្ងាត់ភ្ងៀវទេសទេសចរណ៍ ហើយមានបងប្អូនអាជីវកររអ៊ូពីបញ្ហាលុយដុល្លារនេះ។

នាឱកាសអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ នាព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ពីការលំបាករបស់ពលរដ្ឋខ្មែរ ក្នុងការចាយវាយលុយដុល្លារ ក្នុងករណីមានការដាច់រហែក ឬក៏ចាស់។

ហេតុនេះ សម្តេចធិបតី បានបញ្ជាឱ្យលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយបណ្តាធនាគារឯកជនទាំងអស់ ឱ្យទម្លាក់ចោលលក្ខខណ្ឌ ដែលតម្រូវឱ្យកាត់ទឹកចំពោះលុយដុល្លារដែលមានដាច់រហែក ឬប្រឡាក់តិចតួច។សម្តេចថា ការទម្លាក់ចោលលក្ខខណ្ឌនេះ គឺដើម្បីកុំឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជាប៉ះពាល់អារម្មណ៍ ហើយថាករណីនេះជាករណីតិចតួច តែអាចបង្កជាបញ្ហាធំ។

ទន្ទឹមគ្នានេះ សម្តេច ក៏បញ្ជាក់ទៀតថា៖« បើលុយខ្ទេចខ្លាំង ឬលុយក្លែងក្លាយអនុវត្តន៍ចុះ ប៉ុន្តែបើលុយដែលដាច់បន្តិច ឬប្រឡាក់បន្តិច ក៏កាត់ទឹកដែរនោះ គឺប៉ះពាល់ដល់បងប្អូនអាជីវកររបស់យើង និងប៉ះពាល់ដល់ភ្ញៀវទេសចរ ដូច្នេះសូមឱ្យធនាគារជាតិនៃកម្ពុជា រៀបចំស្តង់ដារនៃប្រើប្រាស់លុយដុល្លារ ដែលមានការដាច់រហែកឱ្យបានច្បាស់លាស់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់»។

យ៉ាងណាមិញ សម្តេចសង្កត់ធ្ងន់ដែរថា ចំពោះករណីនេះ បើធនាគារជាតិសម្របសម្រួលជាមួយធនាគារឯកជនមិនបាន សម្តេចនឹងចូលធ្វើការផ្ទាល់ជាមួយធនាគារឯកជន សម្តេចនឹងធ្វើរឿងនេះឱ្យបានផងដែរ៕ អត្ថបទ៖ រង្សី