ក្រសួងកសិកម្មកម្ពុជា ស្នើភាគីកូរ៉េជួយបណ្តុះបណ្តាលជំនាញកសិកម្មដល់ពលករកម្ពុជានៅកូរ៉េ

សង្គម​ និង​សេដ្ឋកិច្ច

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានស្នើដល់ស្ថាប័នអប់រំសាធារណរដ្ឋកូរ៉េជួយបណ្តុះបណ្តាលជាពិសេសដល់ពលករកម្ពុជានៅកូរ៉េឱ្យមានជំនាញខាងកសិកម្មច្បាស់លាស់ដែលអាចឱ្យពួកគាត់ចូលរួមកសាងសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សំណើរបស់លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានត្រូវលើកឡើងក្នុងជំនួបពិភាក្សាជាមួយលោកបណ្ឌិត Lee Woosung នាយកប្រតិបត្ដិនៃវិទ្យាស្ថានកូរ៉េ RISTI ,លោកស្រីបណ្ឌិត OH Jung-Eun និងលោកសាស្ត្រាចារ្យ Park Yang-Hee នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

លោករដ្ឋលេខាធិការក្រសួងកសិកម្ម បានមានប្រសាសន៍ឱ្យដឹងថា ជំនួបពិភាក្សានេះផ្ដោតលើការស្វែងរកឱកាសសហការរវាង RISTI (ក្រសួងការងារកូរ៉េ) ជាមួយក្រសួងកសិកម្មកម្ពុជា ក្នុងការជួយផ្តល់វគ្គបណ្តុះបណ្តាលពិសេសដល់ពលករ/កសិករកម្ពុជា ដែលបានត្រឡប់ពីបំពេញការងារនៅកូរ៉េ ដើម្បីចាប់យកមុខរបរក្នុងផលិតកម្មកសិកម្មដ៏រឹងមាំមួយដែលអាចចូលរួមកសាងសេដ្ឋកិច្ចជាតិ។

លោកបានថ្លែងប្រាប់ភាគីកូរ៉េថា វិសាលភាពនៃការផ្តល់វគ្គបណ្តុះបណ្តាលនេះ មិនគួរកំណត់ត្រឹមពលករដែលត្រឡប់ពីកូរ៉េ ប៉ុន្ដែត្រូវយកចិត្តទុកដាក់ចំពោះសមាជិកសហគមន៍កសិកម្មទំនើប ដែលជាអាទិភាពរបស់ក្រសួងកសិកម្មផងដែរ។

លោក ហ៊ាន វណ្ណហន បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវធ្វើឡើងនៅទីវាលដោយផ្ទាល់ តាមកសិដ្ឋានផលិតពេញមួយរដូវ ផ្អែកលើការចាំបាច់ដែលសហគមន៍ត្រូវការ និងស្របតាមតម្រូវការទីផ្សារ។

ជាលទ្ធផលនៃជំនួបពិភាក្សា គឺបានឈានដល់ការឯកភាពគ្នាជាគោលការណ៍លើទស្សនទានការងារ និងត្រូវបន្តពិភាក្សារៀបចំឯកសារគោលនៃការឯកភាពគ្នា ក្នុងទម្រង់ MOU ដើម្បីដាក់គោរពស្នើសុំអនុសាសន៍ និងការសម្រេចពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននឹងឈានទៅអនុវត្តជាផ្លូវការ៕