កម្ពុជា-ចិន សម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលបាលកម្ពុជា និងរដ្ឋាភិបាលចិន បានប្រារព្ធពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ« មហាវិថី ស៊ី ជីនពីង» ជាផ្លូវការហើយ កាលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៦៦ នៃការទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ « មហាវិថី ស៊ី ជីនពីង» តាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣នេះ គឺធ្វើឡើង ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក​ ​វ៉ាង​ វិ​ន​ពី​ន​ ​ឯកអគ្គរដ្ឋទូត​ចិន​ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា ព្រមទាំង លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ការប្រសិទ្ធនាមជា«មហាវិថី ស៊ី ជីនពីង»នេះ ត្រូវបានសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងភាគីស្ថានទូតចិនប្រចាំ នៅកម្ពុជាសម្ពោធជានិមិត្តរូបកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នៅវិមានសន្តិភាពរាជធានីភ្នំពេញ ខណៈលោកថា ការប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង» គឺមានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែប កម្ពុជា-ចិន។

លោក បានបញ្ជាក់ទៀតថា ការប្រសិទ្ធនាម កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” នេះ ដែរ នឹងបានដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រកម្ពុជា ក្នុងបុព្វហេតុសន្តិភាព ជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់ ជីវភាពរបស់ប្រជាពលដ្ឋថែមទៀត។

បើតាមក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មហាវិថី ស៊ី ជីនពីង មានតំណភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ប្រែក្លាយទៅជាតំបន់ក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ បម្រើឱ្យការដឹកជញ្ជូន រវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅផ្លូវជាតិលេខ១ ពិសេស តភ្ជាប់ទៅចំណតផែកុងតេន័រថ្មី របស់កំពង់ផែស្វយ័តភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។

គួររម្លឹកដែរថា កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលត្រូវបានប្រសិទ្ធនាមជា “មហាវិថី ស៊ី ជីនពីង” គឺជាកំណាត់ផ្លូវមេ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ និងចំណុចបញ្ចប់នៅគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ ប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្ននេះជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ រង្សី