ព្រះនាងទីក្រុងឌុយបៃ ប្រកាសលែងលះព្រះស្វាមីដែលជាម្ចាស់សហគ្រិនមានជំនួញជាច្រើនក្នុងដៃ

អន្តរជាតិ

ព្រះនាង Sheikha Mahra bint Mohammed bin Rashid Al Maktoum ដែលជាបុត្រីរបស់មេដឹកនាំទីក្រុងឌុយបៃ ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum បានប្រកាសលែងលះព្រះស្វាមីរបស់ទ្រង់ Sheikh Mana bin Mohammed ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញដ៏ធំបំផុតម្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានបរទេសធំៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម Instagram ព្រះនាង Sheikha Mahra បានបញ្ជាក់យ៉ាងច្បាស់ថាព្រះនាងកំពុងលែងលះជាមួយព្រះស្វាមីរបស់ទ្រង់ ដោយសារតែទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរឈានដល់ភាពរកាំរកូស។

ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន The Independent បានបង្ហាញឲ្យដឹងទៀតថា ការប្រកាសជាសាធារណៈនៅលើ Instagram នេះ ត្រូវបានបានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានចុច Unfollow នៅលើគណនីគ្នាទៅវិញទៅមក និងថែមទាំងបានលុបរូបថតអាពាហ៍ពិពាហ៍ចេញពីគណនីផ្ទាល់ខ្លួន ផងដែរ។

គួរឲ្យដឹងថាគូស្នេហ៍​ដែល​បាន​រៀបចំ​ពិធី​មង្គលការ​យ៉ាង​អធិកអធម ​កាលក្នុង​ខែ​មិថុនា ឆ្នាំ​២០២៣ បាន​ស្វាគមន៍​បុត្រដំបូង​ ដែលជាបុត្រីម្នាក់ នៅ​ក្នុង​ខែ​ឧសភា។

ព្រះនាង​ Sheikha Mahra bint Mohammed bin Rashid Al Maktoum បច្ចុប្បន្នព្រះជន្ម ៣០វស្សា ស្ថិតក្នុងចំណោមបុត្រទាំង ២៦ អង្គរបស់ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum ដែលកាន់​តំណែង​ជា​អនុប្រធានាធិបតី និង​ជា​នាយក​រដ្ឋមន្ត្រី​ទីក្រុងឌុយបៃ។

ចំណែកឯ លោក Sheikh Mana bin Mohammed ដែលបច្ចុប្បន្នមានវ័យ ២៦ឆ្នាំ គឺជាសហគ្រិនដ៏ល្បីល្បាញបំផុតម្នាក់នៅក្នុងប្រទេស ដោយបានដឹកនាំក្រុមហ៊ុន និងការបណ្តាក់ទុនពាណិជ្ជកម្មជាច្រើនរួមមាន AlBarada Trading, Dubai Tech, GCI Real Estate Development Company និង MM Group of Companies ខណ:ទ្រព្យសម្បត្តិសរុបរបស់លោក មានចំនួនប្រមាណ ៤០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Harper’s Bazaar Arabia ៕