យោងតាមទិន្នន័យផ្លូវការមួយបានចុះផ្សាយកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុនបានបង្កើតកំណត់ត្រាថ្មី នៃការមកដល់របស់ភ្ញៀវទេសចរបរទេសប្រចាំខែ នៅក្នុងខែមិថុនា ខណ:ការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េនបានជំរុញឲ្យមានការកើនឡើងនៃវិស័យទេសចរណ៍ និងបានក្លាយជាកត្តាដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជប៉ុនផងដែរ។
តាមការចុះផ្សាយពីសារព័ត៌មាន Reuters ដោយដកស្រង់ទិន្នន័យពីអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានបង្ហាញឲ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកសម្រាប់អាជីវកម្ម និងការកម្សាន្ត មានចំនួនសរុបជាង ៣,១ លាននាក់ នៅក្នុងខែមិថុនា ពោលគឺលើសពីចំនួនខ្ពស់បំផុតដែលត្រូវបានកត់ត្រា នៅក្នុងខែមីនា និងកើនឡើងពីចំនួន ៣ លាននាក់ ក្នុងខែឧសភា។
គួរឲ្យដឹងថា គិតនៅត្រឹម ៦ខែដំបូងឆ្នាំនេះ ជប៉ុនទទួលបានអ្នកដំណើរសរុប ១៧,៧ លាននាក់ ដែលជាកំណត់ត្រាខ្ពស់បំផុតមួយ ហើយក៏កំពុងបន្តឈានទៅរកការបំបែកកំណត់ត្រាខ្ពស់បំផុតប្រចាំឆ្នាំចំនួន ៣១,៩ លាននាក់ នៅក្នុងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ។
ទន្ទឹមនឹងនេះ បើតាមនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយនៅថ្ងៃដដែលនោះថា ការចំណាយរបស់ភ្ញៀវទេសចរត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ចំនួន ៨ទ្រីលានយ៉េន (៥០ពាន់លានដុល្លារ) នៅឆ្នាំ២០២៤ នេះ៕