អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគម ចូលក្រាបបង្គុំគាល់ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។
តាមសមាគមសិល្បករខ្មែរ បានឱ្យដឹងថា នាឱកាសដ៏ថ្លៃថ្លានោះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានក្រាបបង្គុំទូលថ្វាយព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អំពីដំណើរការប្រព្រឹត្តទៅរបស់សមាគមសិល្បករខ្មែររួមមាន៖ ប្រវត្តិនៃការកកើត គោលបំណងរបស់សមាគម ក៏ដូចជាសមិទ្ធផលមួយចំនួនសម្រេចបាន នាពេលកន្លងមកនៅក្នុងអាណត្តិនីមួយៗ។
ជាមួយគ្នានោះ អ្នកឧកញ៉ា បានទូលថ្វាយព្រះមហាក្សត្រអំពីវឌ្ឍភាពថ្មីៗចំនួន ៤ចំណុច របស់សមាគមសិល្បករខ្មែរ ដែលសម្រេចបានជាបន្តបន្ទាប់ ក្រោយពីការឡើងកាន់តំណែងជាប្រធានសមាគម របស់អ្នកឧកញ៉ា រួមមាន៖ ១.បង្កើតក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្ររបស់ សមាគមសិល្បករខ្មែរ ប្រកបដោយថាមភាព។ ២.រៀបចំទីស្នាក់ការកណ្តាលរបស់សមាគមសិល្បករខ្មែរឱ្យបានសមរម្យ និងថ្លៃថ្នូរបំផុត។ ៣.រៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរលើប្រធានបទ «អ្នកស្នងមរតក» ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី មហាបវរធិបតី ហ៊ុន ម៉ាណែត។ ៤.ដឹកនាំសិល្បករសិល្បការិនី ចូលរួមការងារសង្គមដូចជា កម្មវិធីអប់រំផ្សព្វផ្សាយការបង្ការ និងការពារប្រយុទ្ធនឹងជំងឺអេដស៍ ដោយ សហការរៀបចំការប្រគំតន្ត្រីជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចូលរួមយុទ្ធនាការសម្អាតបរិស្ថាន ជាដើម។
លើសពីនេះ សមាគមក៏បានធ្វើការងារដោយផ្ទាល់ជា ច្រើនជាមួយអ្នកសិល្បៈ ដូចជា ការចុះសួរសុខទុក្ខសិល្បករចាស់ជរា សិល្បករមានជំងឺ ការឧបត្ថម្ភដល់ សិល្បករ និងការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពអ្នកសិល្បៈ ជាក់ស្ដែងដូចជាពិធីបុណ្យសព លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅខេត្តកំពតជាដើម។
អ្នកឧកញ៉ា ម៉ៅ ចំណាន បានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ នៅអាណត្តិទី៦ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដែលនឹងដឹកនាំសមាគម ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៩។
គួរបញ្ជាក់ផងដែរថា ក្រោយឡើងកាន់តួនាទីជាប្រធានសមាគមថ្មី អ្នកឧកញ៉ា អគ្គនាយករងក្រុមហ៊ុន រ៉ូយាល់គ្រុប រូបនេះ បានដឹកនាំសមាជិក សមាជិកា សមាគម ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាតិកំពូលៗជាបន្តបន្ទាប់។ ជាក់ស្តែង អ្នកឧកញ៉ា បានដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ព្រមទាំងបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព កាលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ផងដែរ៕