ធនាគារជាតិនៃកម្ពុជា បានដាក់ចេញយន្តការបន្ទាប់សម្រាប់ខេត្តសៀមរាបពាក់ព័ន្ធប្រាក់ដុល្លារអាមេរិក ចាស់ ឬ ប្រឡាក់ ដោយតម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប អនុវត្តយន្តការបន្ទាន់ចំនួន៤ ដើម្បីសម្រួលចរាចរណ៍លុយដុល្លារ ចាស់ឬ ប្រឡាក់សម្រាប់ប្រជាពលរដ្ឋ និងទេសចរណ៍។
ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ ដុល្លារអាមេរិកនៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកាលពីទី២១ ខែកក្កដា ដែលដឹកនាំដោយលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិ។ កិច្ចប្រជុំនេះក៏ធ្វើឡើងបន្ទាប់ពីសម្តេចធិប ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើឱ្យធនាគារជាតិរកដំណោះស្រាយអំពីបញ្ហានេះកាល ពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅខេត្តសៀមរាប ធនាគារជាតិនៃកម្ពុជា បានដាក់ចេញវិធានការមួយចំនួន ដើម្បីតម្រូវឱ្យសាខាធនាគារពាណិជ្ជអនុវត្តនៅក្នុងខេត្តសៀមរាបចាប់ពីថ្ងៃនេះតទៅ រួមមានយន្តការបន្ទាន់ធំៗចំនួន៤ ដូចជា៖
១. តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។ ២.ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញនោះទេ។
៣.តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអាមេរិក និង៥០ ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០០ ដុល្លារអាមរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែក ការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។ និង៤. រៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាន ដើម្បីឱ្យបានយល់កាន់តែច្បាស់និងគាំទ្រចំពោះវិធានការដែលបានដាក់ចេញខាងលើ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តយន្តការបន្តទៀត។
គួរបញ្ជាក់ដែរថា បន្ថែមលើយន្តការរយៈពេលខ្លី ធនាគារជាតិក៏ជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ Bakong Tourist App ដែលនឹងដំណើរការនាពេលខាងមុខនេះ ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។ លើសពីនេះ ធនាគារជាតិ អះអាងថា ក៏នឹងសហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើស ដើម្បីកំណត់លក្ខខណ្ឌស្តង់ដារមួយដែលមានសង្គតិភាពជាមួយគ្នាផងដែរ៕ អត្ថបទ៖ រង្សី