លោកស្រី Kamala Harris បេក្ខភាពប្រធានាធិបតីថ្មីជ្រើសរើសដោយលោក ចូ បៃដិន ជានរណា?

អន្តរជាតិ

លោក ចូ បៃដិន កាលពីថ្ងៃ​អាទិត្យ​ ទី២១ ខែកក្កដា កន្លងទៅនេះ បានប្រកាសបោះបង់សិទ្ធិឈរឈ្មោះប្រជែងតំណែង​ប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ ដោយងាកមកគាំទ្រអ្នកស្រី Kamala Harris ដែលជាអនុប្រធាធិបតីរបស់លោកវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា លោកស្រី Harris គឺជាស្ត្រីជនជាតិស្បែកខ្មៅទីមួយដែលបានឡើងកាន់តំណែងជាអនុប្រធានាធិបតី។ ហើយឥឡូវនេះ តាមការប្រកាសរបស់លោក ចូ បៃដិន អាចនឹងផ្តល់ឱកាសឲ្យលោកស្រី ឆ្ពោះទៅរកការក្លាយជាប្រធានាធិបតីស្រីដំបូងគេ នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ផងដែរ។

ជុំវិញការផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់លោក ចូ បៃដិន ដើម្បីក្លាយជាបេក្ខភាពប្រធានធិបតីថ្មី តំណាងឲ្យគណបក្សប្រជាធិបតេយ្យ តើលោកស្រី Kamala Harris មានប្រវត្តិបែបណាខ្លះ?

លោកស្រី Harris កើតនៅទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា ក្នុងឆ្នាំ១៩៦៤ ដោយឪពុកជាសេដ្ឋវិទូជនជាតិអាមេរិកមានដើមកំណើតហ្សាម៉ាអ៊ីក និងម្តាយជាអ្នកស្រាវជ្រាវជនជាតិអាមេរិក មានដើមកំណើតឥណ្ឌា។

លោកស្រី Harris បានចូលសិក្សានៅវិទ្យាល័យ Westmount ក្នុងទីក្រុង Quebec អំឡុងពេលដែលលោកស្រីបានផ្លាស់ទៅកាន់ប្រទេសកាណាដាជាមួយម្តាយ និងប្អូនស្រី ហើយបន្ទាប់ពីបញ្ចប់ការសិក្សានៅទីនោះ លោកស្រីបានវិលត្រលប់មកកាន់សហរដ្ឋអាមេរិកវិញ ដើម្បីសិក្សានៅសាកលវិទ្យាល័យ Howard ក្នុងទីក្រុង Washington, DC ដោយចាប់យកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ។ នៅឆ្នាំ១៩៨៩ លោកស្រី បន្តទទួលបានសញ្ញាប័ត្រផ្នែកច្បាប់ ពីមហាវិទ្យាល័យ Hastings នៅសាន់ហ្វ្រាន់ស៊ីស្កូ។

ក្រោយបញ្ចប់ការសិក្សា លោកស្រី Harris បានចាប់ផ្តើមអាជីពដំបូងជាមេធាវីរងនៅ Alameda County ។ លុះដល់ឆ្នាំ២០០៣ លោកស្រីត្រូវបានជ្រើសរើសឲ្យធ្វើជាមេធាវីប្រចាំតំបន់ នៅ San Francisco។ លោកស្រីបានបម្រើការនៅក្នុងតួនាទីនោះ រហូតដល់ត្រូវបានជ្រើសរើសឲ្យធ្វើជាអគ្គមេធាវី សម្រាប់រដ្ឋកាលីហ្វ័រញ៉ា ក្នុងឆ្នាំ២០១០។ លោកស្រី Harris គឺជាស្ត្រីទីមួយ និងជាជនជាតិស្បែកខ្មៅដំបូងគេដែលកាន់ក្នុងមុខតំណែងនោះ។

លុះដល់ឆ្នាំ២០១៦ លោកស្រី Harris បានសម្រេចចិត្តឈរឈ្មោះសម្រាប់កៅអីនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលយុទ្ធនាការស្វែងរកសម្លេងគាំទ្រនោះ លោកស្រីបានអំពាវនាវឲ្យមានកំណែទម្រង់ចំពោះជនអន្តោប្រវេសន៍ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ខណ:លោកស្រី ក៏បានធ្វើយុទ្ធនាការដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមាផងដែរ។

ក្រោយមក លោកស្រីបានឈ្នះកៅអីនៅក្នុងព្រឹទ្ធសភា ដោយសំឡេងគាំទ្រជិត ៣ លាន។ រហូតដល់ខែសីហាឆ្នាំ២០២០ លោក ចូ បៃដិន បានសម្រេចជ្រើសរើសយកលោកស្រី Harris ជាបេក្ខជនអនុប្រធានាធិបតីរបស់លោក សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំនោះ។

ទាំងលោក បៃដិន និងលោកស្រី Harris បានឈ្នះការបោះឆ្នោត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នោះ ខណ:លោកស្រី Harris បានឡើងកាន់តំណែងជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិកជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕