លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្សះផ្សាបញ្ចប់ជម្លោះរវាងអ្នកនាង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា ឱ្យងាកមកចាប់ដៃគ្នាឡើងវិញ

ជុំវិញ​ឧកញ៉ា

នៅទីបំផុត ជម្លោះដ៏ក្តៅគគុក ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ រវាងសិល្បករតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា និងតារាសម្តែងលេចធ្លោរអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានផ្សះផ្សាជានាគ្នា១០០ភាគរយហើយ ក្រោមការសម្របសម្រួលប្រកបដោយភាពប៉ិនប្រសប់របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមសិល្បករខ្មែរ បានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ថា គិតមកទល់នឹងពេលនេះ ជម្លោះដ៏រ៉ាំរ៉ៃរវាងកំពូលតារាទាំងពីរបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានឈានដល់ការប្តឹងផ្ដល់គួរឱ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ដោយភាគីទាំងសងខាងសុទ្ធតែមានការប្តេជ្ញាតតាំងគ្នាដល់ទីបញ្ចប់។

ដោយមើលឃើញពីស្ថានការណ៍កាន់តែអាក្រក់បែបនេះ និងដើម្បីកសាងសាមគ្គីភាពក្នុងសង្គមសិល្បៈ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានចូលខ្លួនធ្វើជាអ្នកសម្របសម្រួលប្រកបដោយភាពម៉ឺងម៉ាត់ និងតម្លាភាព ដោយឈរលើគោលការណ៍ឈ្នះឈ្នះទាំងសងខាង។

បន្ទាប់ពីបានស្វែងយល់ពីជំហរទាំងសងខាងហើយនោះលោកជំទាវអ្នកឧកញ៉ា ក៏បានអញ្ជើញពួកគាត់ទាំងពីរមកជួបមុខគ្នាដោយផ្ទាល់នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីដោះស្រាយឈានដល់ការបញ្ចប់រឿងតែម្តង។

សមាគមសិល្បករខ្មែរ បានបន្តថា ភាគីនៃកំពូលតារាដ៏មានប្រជាប្រិយភាពទាំងពីរ ក៏បានព្រមព្រៀងគ្នា ចចារបញ្ចប់ជម្លោះដ៏តានតឹងទាំងប៉ុន្មាន និងងាកមកចាប់ដៃគ្នា ធ្វើការងារជាប្រយោជន៍ដើម្បីជាតិមាតុភូមិ ពិសេសការងារក្នុងវិស័យសិល្បៈដ៏ល្អផូរផង់របស់កម្ពុជា។

បើតាមសមាគមសិល្បករខ្មែរ យោងទៅតាមកិច្ចព្រមព្រៀងបញ្ចប់រឿង ដែលធ្វើឡើងដោយលោកជំទាវមេធាវី ឈីវ ភិរម្យ ភរិយារបស់ឯកឧត្តម លី ច័ន្ទតុលា (ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន) បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ភាគីទាំងពីរយល់ព្រមបញ្ចប់ជម្លោះដោយផ្ទាល់ ឬប្រយោលណាមួយ ទាំងនៅលើបណ្តាញសង្គម ឬតាមមធ្យោបាយផ្សេងៗទៀត។

ក្នុងនាមថ្នាក់ដឹកនាំសមគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានថ្លែងការកោតសរសើរចំពោះស្មារតីចូលរួមរបស់សិល្បករទាំងពីររូបនេះ ដោយសង្ឃឹមថា ចាប់តាំងពីពេលនេះតទៅអនាគត សង្គមសិល្បករពោរពេញដោយភាពស្ងប់ស្ងាត់ ក្នុងស្មារតីយោគយល់អធ្យាស្រ័យគ្នា ប្រកបដោយការរួបរួមសាមគ្គីជាធ្លុងមួយដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ៕