អ្នកឧកញ៉ា ហ៊ុន ឡាក់ និងអ្នកឧកញ៉ា លឹម ហេង ចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ នៃក្រុមប្រឹក្សាភិបាល​សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ជុំវិញ​ឧកញ៉ា សមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម​ឧកញ៉ាកម្ពុជា និង​អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) ក្រោមអធិបតីភាពលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក.ផ.ផ កាលពី​ព្រឹក​​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពេញអង្គលើកដំបូងនេះ មានការអញ្ជើញចូលរួមពីតំណាងស្ថាប័នក្រសួងពាក់ព័ន្ធ និងតំណាងវិស័យ​ឯកជន​នានាដូចជា សមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមនៃវិស័យទេសចរណ៍ សមាគម​សណ្ឋាគារ តំណាងក្រុមហ៊ុនព្រលានយន្តហោះ ក្រុមហ៊ុន អ៊ែរអេស៊ា ក្រុមហ៊ុន អង្គរអ៊ែរ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ក.ផ.ផ ក៏ដូចជាភាគី​ពាក់ព័ន្ធទាំងអស់ នៅសណ្ឋាគារ Rosewood។

តាមរយៈសេចក្តីសម្រេចលេខ១២៤ សសរ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងសមាសភាពរបស់ ក.ផ.ផ. ដោយមាន​ការ​ចូលរួម​ជា​សមាជិកពីតំណាងផ្នែករដ្ឋចំនួន ៧ក្រសួង/ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជនចំនួន ៧ស្ថាប័ន​ផងដែរ និង​មានតួនាទីជាយន្តការស្ថាប័នដែលមានលក្ខណៈអំណោយផល និងបើកទូលាយ ដោយ​អនុញ្ញាត​ឱ្យវិស័យ​ឯកជនចូលរួមពេញលេញជាមួយរាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ “រួមគិត រួមធ្វើ រួមទទួល​ខុសត្រូវ” ទាំងលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ស្រប​តាមនិន្នាការទេសចរណ៍សាកលលោក និងតំបន់ដែលកំពុងមានការវិវត្តយ៉ាងលឿន ដែលទាមទារឱ្យមាន​ភាព​បត់បែនខ្ពស់ ធានាឱ្យបាននូវនិរន្តរភាព បរិយាបន្ន និងភាពធន់នៃវិស័យទេសចរណ៍របស់កម្ពុជា។

សូមជម្រាបថា ក្រុមប្រឹក្សាភិបាល​សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មាន​តួនាទីដូចជា៖ ១.សិក្សា​ទីផ្សារ​និងផ្សព្វផ្សាយ​វិស័យទេសចរណ៍​ទៅកាន់​ទីផ្សារ​អន្តរជាតិ, ២.ចូលរួមប្រឹក្សាយោបល់​លើការ​រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​និង​ទាក់ទាញ​ទេសចរណ៍កម្ពុជា និង​ចូលរួម​អនុវត្តផែនការ, ៣.ពង្រឹង​ការ​ចូលរួម​គាំទ្រ​ពី​ប្រភពនានា ពិសេស​ពីផ្នែក​ឯកជន​លើការងារ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស, ៤.ចូលរួម​ប្រឹក្សារៀបចំផែនការ​សកម្មភាព​អនុវត្តយុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​កម្ពុជា, ៥.សម្របសម្រួល​ការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ដែល​ធ្វើឡើង​ដោយផ្នែកឯកជន​និងផ្នែកសាធារណៈ និង ៦.អនុវត្ត​សកម្មភាព​ផ្សេងៗ​តាម​ការ​ចាំបាច់ ដើម្បី​បំពេញ​រាល់​តួនាទី​និង​ភារកិច្ច​ផ្សេងៗ​ទៀត​តាមការ​ប្រគល់​ជូន​របស់​រាជរដ្ឋាភិបាល៕