ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋីអាមេរិក Warren Buffett បានបន្តលក់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ឥតឈប់ឈរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា ការលក់ភាគហ៊ុនចុងក្រោយបង្អស់ របស់ក្រុមហ៊ុន Berkshire នៅក្នុងក្រុមហ៊ុន BYD កាលពីសប្ដាហ៍មុន បានធ្វើឲ្យក្រុមហ៊ុនមហាសេដ្ឋីអាមេរិកនេះ នៅសល់ចំណែកភាគហ៊ុនត្រឹម ៤,៩៤% ប៉ុណ្ណោះ នៅក្នុងក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ។
គួររំលឹកបន្តិចថា កាលពីឆ្នាំ២០០៨ មហាសេដ្ឋី Warren Buffett បានចាយលុយត្រឹម ២៣០លានដុល្លារ ដើម្បីទិញភាគហ៊ុន ២២៥លានហ៊ុន ឬប្រហែល ១០% ហើយចាប់ផ្ដើមលក់ចេញជាបន្តបន្ទាប់តាំងពីឆ្នាំ២០២២។
ការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន BYD បានចាប់ផ្ដើមឡើង បន្ទាប់ពីក្រុមហ៊ុន Berkshire សម្លឹងឃើញផលចំណេញបានកើនឡើងច្រើនជាង ២០ដង នៃតម្លៃដើមដែលពួកគេបានទិញ ពោលភាគហ៊ុនដែលលក់ចេញជាង ៥% កន្លងមកនេះ បានធ្វើឲ្យពួកគេចំណេញរាប់ពាន់លានដុល្លាររួចទៅហើយ៕