តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងស្ថាប័នពាក់ព័ន្ធ បានឯកភាពជារួម និងវាយតម្លៃខ្ពស់ លើខ្លឹមសារនៃសេចក្ដីព្រាងឯកសារក្របខ័ណ្ឌនេះ ចំនុចសំខាន់ចំនួន៦។
ក្រោយពីពិគ្រោះយោបល់ពេញមួយថ្ងៃនៅក្នុងសិក្ខាសាលាខាងលើ ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធនានា បានឯកភាពជារួម និងវាយតម្លៃខ្ពស់ លើខ្លឹមសារនៃសេចក្ដីព្រាងឯកសារក្របខ័ណ្ឌនេះ ដែលបានកំណត់អំពីចំនុចសំខាន់ចំនួន៦ រួមមាន៖
១. គោលបំណង វិសាលភាព អភិក្រមនៃការរៀបចំ និងសូចនាករសមិទ្ធកម្មគន្លឹះ ២. ក្របខ័ណ្ឌស្ថាប័ន ដែលកំណត់អំពីតួនាទីនិងភារកិច្ចរបស់តួអង្គសំខាន់ៗក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការតាមដាន និងត្រួតពិនិត្យ ដែលបង្ហាញពីនិយមន័យនិងវិសាលភាព វិធីសាស្រ្ដ ដំណើរការនៃការ៣.តាមដាន និងត្រួតពិនិត្យ ៤. ការវាយតម្លៃ ដែលកំណត់អំពីនិយមន័យ និងវិសាលភាព ប្រភេទ និងវីធីសាស្រ្ដនិងឧបករណ៍ប្រមូលទិន្នន័យនៃការវាយតម្លៃ ៥. ការរាយការណ៍ និងការប្រើប្រាស់លទ្ធផល ដែលបង្ហាញអំពីរបាយការណ៍ ប្រព័ន្ធរាយការណ៍ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លទ្ធផលសំខាន់ៗ និង៦. ទិសដៅអាទិភាព រួមមានការរៀបចំលិខិតបទដ្ឋានគតិយុត្ដ ការកសាងស្ថាប័ននិងសមត្ថភាព ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យានៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាតិ។
ទន្ទឹមនេះ ដោយឆ្លងកាត់ការពិភាក្សាយ៉ាងផុសផុល, គ.យ.ប. បានទទួលមតិយោបល់និងធាតុចូលយ៉ាងច្រើន ពីថា្នក់ដឹកនាំក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ សម្រាប់កែលម្អ និងធ្វើឱ្យប្រសើរឡើងនូវសេចក្តីព្រាងក្របខ័ណ្ឌនេះ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពនៃការអនុវត្ដ មុននឹងដាក់ឆ្លងគណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។
គួរបញ្ជាក់ដែរថា នាឱកាសនោះដែរ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានក្រើនរំលឹកនិងដាស់ស្មារតីក្រសួង ស្ថាប័ន ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែម លើកិច្ចការ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដូចបានគូសរំលេចក្នុងសុន្ទរកថារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ផងដែរ៕