ត្រឹម ២៤ម៉ោង អនុប្រធានាធិបតីអាមេរិកប្រមូលលុយបាន ៨១លានដុល្លារ សម្រាប់ការឃោសនារកសន្លឹកឆ្នោត

អន្តរជាតិ

ក្រុមសប្បុរសជនដែលគាំទ្រគណបក្សប្រជាធិបតេយ្យ បានធ្វើការបរិច្ចាគទឹកប្រាក់ប្រហែល ៨១លានដុល្លារ ​ដើម្បីគាំទ្រដល់យុទ្ធនាការឃោសនារកសន្លឹកឆ្នោត របស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ក្នុងការដណ្ដើមកៅអីប្រធានាធិបតី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ទំហំទឹកប្រាក់ដ៏ច្រើននេះ គឺចំណាយពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ ក្នុងការរៃអង្គាស ដែលវាត្រូវបានចាត់ទុកថា ជាការប្រមូលប្រាក់ ឃោសនារកសន្លឹកឆ្នោតច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង ក្នុងប្រវត្តិសាស្ត្រអាមេរិក។

គួររំលឹកបន្តិចថា អនុប្រធានាធិបតីស្រី វ័យ ៥៩ឆ្នាំរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រធានាធិបតី ចូ បៃដិន ក្នុងការឈរឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតី ជាមួយលោក ដូណាល់ ត្រាំ សម្រាប់ការបោះឆ្នោតដែលនឹងធ្វើឡើងនាខែវិច្ឆិកាខាងមុខ។

បើទោះជាទទួលបានការគាំទ្រ ពីមេដឹកនាំអាមេរិកក៏ពិតមែន តែលោកស្រី Harris ត្រូវបញ្ចុះបញ្ចូលសមាជិកសំខាន់ៗ នៃគណបក្សប្រជាធិបតេយ្យ ដើម្បីអាចឲ្យលោកស្រីក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ តំណាងឲ្យគណបក្សដ៏ធំបំផុតមួយនៅអាមេរិកបាន៕