លោកស្រី Kamala Harris ទទួលបានការគាំទ្រគ្រប់គ្រាន់ ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតីរបស់បក្ស

អន្តរជាតិ

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ទទួលបានការគាំទ្រគ្រប់គ្រាន់ពីសំណាក់ប្រតិភូគណបក្សប្រជាធិបតេយ្យ ដើម្បីយកឈ្នះការតែងតាំងក្នុងតំណែងជាបេក្ខជនប្រធានាធិបតីរបស់បក្ស ជំនួសលោក ចូ បៃដិន ដែលបានប្រកាសដកខ្លួនចេញ កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការស្ទង់មតិដោយសារព័ត៌មាន Associated Press បានបង្ហាញកាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅថា លោកស្រី Harris ទទយលបានការយល់ព្រមពីប្រតិភូបក្សចំនួន ១ ៩៧៦ ពោលគឺគ្រប់គ្រាន់ហើយដើម្បីយកឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតី នៅមុនពេលឈានដល់ការបោះឆ្នោតជាផ្លូវការនាថ្ងៃសមាជជាតិរបស់បក្ស ដែលគ្រោងធ្វើឡើងនាខែក្រោយ។

ប៉ុន្តែបើតាមប្រភពដដែលនេះ ក៏បានបង្ហាញបញ្ជាក់ទៀតផងដែរថា ចំនួននៃការគាំទ្រនេះគឺគ្រាន់តែជាតួលេខក្រៅផ្លូវការប៉ុណ្ណោះ ពោលគឺប្រតិភូអាចមានសិទ្ធិក្នុងការផ្លាស់ប្តូរចិត្តរបស់ពួកគេបានវិញ នៅពេលការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែសីហាខាងមុខ។

ជម្រាបជូនផងដែរថា ការស្ទង់មតិដំបូងនេះ គឺជាការបង្ហាញពីមូលដ្ឋាននៃការគាំទ្ររបស់សមាជិកបក្សទៅលើលោកស្រី Harris បន្ទាប់ពីប្រធានាធិបតី លោក ចូ បៃដិន បានសម្រេចចិត្តបោះសិទ្ធិក្នុងការប្រជែងតំណែងប្រធានាធិបតីរបស់ខ្លួន ហើយបានប្រកាសងាកមកគាំទ្រលើលោកស្រី Harris ជាបេក្ខជនប្រធានាធិបតីជំនួសរូបលោកវិញ៕