សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសមត្ថកិច្ច និងតុលាការត្រូវ ឃាត់ខ្លួន និងមិនត្រូវបន្ធូរបន្ថយទោសតាមផ្លូវច្បាប់ អ្នកដែលនិយាយថា កម្ពុជាមានការកាត់ខេត្ដ៤ រួមមាន ក្រចេះ ស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគីរី ឱ្យទៅប្រទេសវៀតណាមគ្រប់គ្រង តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម(CLV)។
នេះបើយោតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA )។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កម្ពុជាមានកិច្ចព្រមព្រៀងជំរុញ និងសម្រួលពណិជ្ជកម្ម។ កិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរទំនិញ និងសេវា។ កិច្ចព្រមព្រៀងស្ដីពីការដឹកញ្ជូនតាមផ្លូវគោក កម្ពុជា-វៀតណាម និងកម្ពុជាឡាវជាដើមមិនមែនជាការកាត់ដីឱ្យគេដូចជនជ្រុលនិយមបំពុលសង្គមនិយាយនោះទេ។
ទន្ទឹមគ្នានេះ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានឹងមិនអត់ឱនឱ្យជនណាម្នាក់ឡើយ ដែលបង្កើតភាពវឹកវរ និងចលាចលដល់សន្ដិភាពរបស់កម្ពុជាឡើយ ខណៈសម្តេចក៏បានស្នើដល់តុលាការកាត់ទោសអ្នកដែលប្រឌិតរឿងកម្ពុជាកាត់ដីឱ្យវៀតណាមឱ្យដល់កម្រិតខ្ពស់បំផុតនៃទោស និងមិនត្រូវដាក់ឈ្មោះជនទាំងនេះទៅក្នុងបញ្ជីបន្ធូរបន្ថយ ឬលើកលែងទោសទេ។
សម្តេចតេជោ ហ៊ុន សែន បាថ្លែងបញ្ជាក់ជាថ្មីថា ក្រោមការដឹកនាំរបស់សម្តេច មិនដែលបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ។ផ្ទុយទៅវិញ សម្តេចថា ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី មិនទាន់ទាំងបានដឹកនាំប្រទេសផង ហ៊ានចុះហត្ថលេខាផ្តល់ដីកម្ពុជាឱ្យគេ តាមរយៈជនផ្តាច់ខ្លួន កុក ស កាលពីកន្លងទៅនៅលើទឹកដីសហរដ្ឋអាមេរិក៕ អត្ថបទ៖ រង្សី