សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវក្នុងខេត្តរតនគិរី ពីក្រុងបានលុង ទៅដល់កន្ទុយនាគ ប្រវែង ៦៦គីឡូម៉ែត្រ បានឆាប់។ នេះបើយោងតាមការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ធ្វើឡើងក្រោយមានការជជែកគ្នាច្រើនលើបញ្ហានេះ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលសម្តេចចេញមុខបកស្រាយលើរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ ព្រោះសម្តេចជ្រួតជ្រាបរឿងនេះច្បាស់ ហើយសម្តេចផ្ទាល់ជាអ្នកផ្តួចផ្តើមបង្កើតនូវកិច្ចសហប្រតិបត្តិការនេះតាំងពីរឆ្នាំ១៩៩៩។ អ្នកដែលនិយាយថាគំនិតបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តើមដោយវៀតណាមតាំងពីឆ្នាំ១៩៩៥ ជាការលើកឡើងដោយគ្មានភស្តុតាង និងគ្មានការអៀនខ្មាស់។
បន្ថែមពីនេះ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះដែរ សម្តេចតេជោសង្ឃឹមថា រាជរដ្ឋាភិបាលអាចសាងសង់ផ្លូវក្នុងខេត្តរតនគិរី ពីក្រុងបានលុង ទៅដល់កន្ទុយនាគ ប្រវែង ៦៦គីឡូម៉ែត្រ បានឆាប់ៗ ខណៈសម្តេចតេជោ បានថ្លែងថា សម្តេចចង់ទៅឈរនៅតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វគ្នានៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងបន្ដការខិតខំ ដើម្បីកសាងនៅផ្លូវជាតិលេខ៧៨.៥ ពីទីរួមខេត្ដរតនគិរី នៅកាន់មុំ៣ ហើយនៅពេលនោះ គឺខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា ខ្ញុំព្រះករុណាខ្ញុំនៅរស់ ហើយនឹងធ្វើដំណើរ ទៅកាន់ទីនោះ»។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងបន្ថែមថា ផ្លូវនេះ ហៅថា ផ្លូវលេខ៧៨.៥ ពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ទៅដល់កន្ទុយនាគ ដែលមានប្រវែងជាង១៦៦គីឡូម៉ែត្រ ហើយមានទទឹង៩ម៉ែត្រ ដែលយើងនឹងប្រឹងប្រែងរកថវិកា ដើម្បីធ្វើផ្លូវនេះឱ្យបាន។
សូមជម្រាបដែរថា តំបន់កន្ទុយនាគ (មុំ៣) គឺជាចំណុចប្រសព្វគ្នា នៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម។
តាមរយៈការថ្លែងសារពិសេសនេះ សម្តេចតេជោ ក៏បានអះអាងដែរថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ធ្វើឱ្យខេត្តភាគឦសានរបស់កម្ពុជា ត្រូវបានតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដែលត្រូវការសំខាន់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ អគ្គិសនី ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។ ជាក់ស្តែង សម្តេចថា មុនពេលអគ្គិសនីកម្ពុជាទៅដល់ នៅខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ត្រូវទទួលភ្លើងពីវៀតណាម។ រីឯខេត្តស្ទឹងត្រែង ពឹងពាក់ភ្លើងពីវៀតណាម។ កិច្ចសហប្រតិបត្តិការនេះ បានផ្តល់ផលប្រយោជន៍ជាច្រើន បើធៀបជាមួយវៀតណាម និងឡាវ តាមរយៈការផ្គត់ផ្គង់អគ្គិសនី ការដឹកជញ្ជូនទំនិញទៅកាន់សមុទ្រខាងទឹកដីវៀតណាម៕ អត្ថបទ៖ រង្សី