តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងប្រកាសសាលក្រមសារជាថ្មី នៅថ្ងៃទី១៤ ខែសីហាខាងមុខ ដើម្បីសម្រេចជាផ្លូវការនៅក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្ត្រី លោក Srettha Thavisin។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ជុំវិញការពន្យារពេលជាថ្មីនេះ តុលាការថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”តុលាការធម្មនុញ្ញបានពិចារណា និងរកឃើញថាករណីនេះគឺជាបញ្ហាផ្លូវច្បាប់ ហើយចាំបាច់ត្រូវស្វែងរកភស្តុតាងបន្ថែមទៀត ដើម្បីសម្រេចរឿងក្តីនេះជាផ្លូវការ”។
គួរឲ្យដឹងផងដែរថា សំណុំរឿងរបស់នាយករដ្ឋមន្ត្រី លោក Srettha នេះ ត្រូវបានកើតចេញពីពាក្យបណ្តឹងរបស់សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយរបបយោធាចំនួន ៤០ រូប កាលពីខែឧសភា ដែលត្រូវបានទទួលយកជាបន្តបន្ទាប់ដោយតុលាការធម្មនុញ្ញថៃ។
ករណីដែលឈានដល់ឲ្យមានដកតំណែងនាយករដ្ឋមន្ត្រីលោក Srettha នេះ គឺពាក់ព័ន្ធទៅនឹងការតែងតាំងអ្នកនយោបាយធ្លាប់ជាប់ពន្ធនាគារ គឺលោក Pichit Chuenban ជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី។
ជម្រាបជូនផងដែរថា ប្រសិនបើការដកតំណែងលោក Srettha ត្រូវធ្វើឡើងពិតមែន នោះអាចនឹងធ្វើឲ្យប្រទេសថៃធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជា ហើយនឹងតម្រូវឲ្យសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ស្របពេលគណបក្សភឿថៃដែលកំពុងកាន់អំណាច នឹងត្រូវប្រឈមមុខជាច្រើន ជុំវិញការរៀបចំគណៈរដ្ឋមន្ត្រីថ្មី និងគោលនយោបាយឡើងវិញ៕