(ភ្នំពេញ)៖ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC) របស់អ្នកឧកញ៉ា គិត ម៉េង បានដំណើរការបើកសាកល្បងខ្សែរថភ្លើងដែលនាំចូលពីជប៉ុន ប្រភេទេ Kiha183-182 លើផ្លូវដែកទិសខាងជើង ដែលរត់ចេញពីរាជធានីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត ចំនួន ៤ទូ ជាផ្លូវការ។
ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ នេះគឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558។
ក្រសួងបន្តថា ដំណើរការបើកសាកល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង។
ដំណើរការបើកសាកល្បងនេះដែរ ក៏ដើម្បីឱ្យក្រុមការងារបច្ចេកត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះផងដែរ។
គួរបញ្ជាក់ដែរថា ខ្សែរថភ្លើងសម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) បានផ្អាករយៈពេលវែង ចាប់ពីការរីករាលដាល នៃជំងឺកូវីដ-១៩មកម្លេះ ចំពោះការដឹកទំនិញ បានធ្វើឡើងជាប្រចាំ (៣ជើងក្នុងមួយសប្តាហ៍)៕ អត្ថបទ៖ រង្សី