ម៉ាឡេស៊ី ទាមទារឲ្យក្រុមហ៊ុន Microsoft និង CrowdStrike ពិចារណាផ្តល់សំណង ជុំវិញបញ្ហារអាក់រអួលជាសកល

អន្តរជាតិ

រដ្ឋមន្ត្រីផ្នែកឌីជីថលរបស់ប្រទេសម៉ាឡេស៊ី លោក Gobind Singh Deo បាននិយាយកាលពីថ្ងៃពុធ ទី២៤ ខែកក្កដាថា រដ្ឋាភិបាលរបស់ខ្លួនកំពុងស្នើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ពិភពលោក Microsoft និង CrowdStrike ពិចារណាផ្តល់សំណងទៅកាន់ភាគីដែលបានទទួលរងផលប៉ះពាល់ ដោយសារបញ្ហារអាក់រអួលនៃផ្នែកបច្ចេកវិទ្យាជាសកល កាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំហុសនៃការធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីសុវត្ថិភាពរបស់ក្រុមហ៊ុន CrowdStrike បានបណ្តាលឲ្យកុំព្យូទ័រដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows របស់ក្រុមហ៊ុន Microsoft គាំងលែងដំណើរការ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាហេតុផ្តល់ផលរំខានដល់សេវាកម្មអ៊ីនធើណិតទូទាំងពិភពលោក និងជាពិសេសប៉ះពាល់ទៅដល់ឧស្សាហកម្មធំៗជាច្រើន រាប់ចាប់តាំងពីការហោះហើរ ដល់ធនាគារ។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីលោក Gobind បានប្រាប់អ្នកយកព័ត៌មានថា ទីភ្នាក់ងាររដ្ឋាភិបាលចំនួន៥ និងក្រុមហ៊ុនចំនួន៩ ដែលកំពុងប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ ធនាគារ និងសសេវាថែទាំសុខភាព ស្ថិតក្នុងចំណោមអ្នកផ្សេងទៀតដែលរងផលប៉ះពាល់ខ្លាំងពីផលរំខាននេះ នៅក្នុងប្រទេសម៉ាឡេស៊ី។

លោក Gobind ក៏បានបន្ថែមឲ្យដឹងទៀតថា លោកបានជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន Microsoft និង CrowdStrike ដើម្បីទាមទារឲ្យស្វែងរកដំណោះស្រាយ និងស្នើឲ្យក្រុមហ៊ុនពិចារណាផ្តល់សំណងទៅលើឧប្បត្តិហេតុនេះ ហើយថែមទាំងសុំឲ្យពួកគេចាត់វិធានការដើម្បីជៀសវាងការដាច់ចរន្តម្តងទៀត។

“ប្រសិនបើមានការខូចខាត ឬការខាតបង់កន្លែងណា ដែល​បង្ក​ឡើងដោយភាគីណាមួយ ខ្ញុំបានស្នើឲ្យក្រុមហ៊ុនទាំងពីរ ពិចារណាផ្តល់សំណង ឬផ្តល់ចំណាត់ការផ្សេងៗ ហើយចាំមើលថាតើភាគីទាំងពីអាចជួយដោះស្រាយបញ្ហាទាំងនេះបានដល់កម្រិតណា ខណ:រដ្ឋាភិបាល​ក៏​នឹង​ជួយ​ជ្រោមជ្រែងតាមដែល​អាច​ធ្វើ​ទៅ​បាន”។ នេះបើតាមលោក Gobind បញ្ជាក់ប្រាប់ទៅកាន់អ្នកសារព័ត៌មាន ស្របពេលទំហំនៃការខូតខាត នៅមិនទាន់ត្រូវបានវាយតម្លៃនៅឡើយនោះទេ៕