ឥណ្ឌូណេស៊ី ចាប់ផ្តើមដាក់ឲ្យដំណើរការទិដ្ឋាការមាស ជាផ្លូវការ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

អន្តរជាតិ

ប្រធានាធិបតី លោក ចូកូ វីដូដូ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដានេះ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី ចាប់ផ្តើមដាក់ឲ្យដំណើរការគម្រោងទិដ្ឋាការមាសរបស់ខ្លួន ក្នុងគោលបំណងទាក់ទាញជនបរទេស សម្រាប់ការចូលមកស្នាក់នៅ និងវិនិយោគ ពី៥ទៅ១០ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងទិដ្ឋាការមាសរយៈពេលប្រាំឆ្នាំតម្រូវឲ្យវិនិយោគិនបង្កើតក្រុមហ៊ុនដែលមានតម្លៃ ២,៥លានដុល្លារ ខណៈដែលទិដ្ឋាការរយៈពេល ១០ឆ្នាំទាមទារឲ្យមានការវិនិយោគតម្លៃ ៥លានដុល្លារ។

ទន្ទឹមនឹងនេះ ចំពោះបុគ្គលដែលមិនមានបំណងចង់បង្កើតក្រុមហ៊ុននៅឥណ្ឌូណេស៊ី ប៉ុន្តែចង់បានទិដ្ឋាការប្រភេទនេះ អាចដាក់ប្រាក់វិនិយោគចំនួន ៣៥ម៉ឺនដុល្លារ ដើម្បីទទួលបានការស្នាក់នៅរយ:ពេល ៥ឆ្នាំ និងដាក់ប្រាក់ចំនួន ៧០ម៉ឺនដុល្លារ សម្រាប់ការស្នាក់នៅ ១០ឆ្នាំ។ ហើយចំនួនទឹកប្រាក់ទាំងនេះ អាចយកទៅប្រើប្រាស់ដើម្បីទិញមូលបត្របំណុលរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ភាគហ៊ុនក្រុមហ៊ុនសាធារណៈ ឬដាក់ប្រាក់បញ្ញើ ជាដើម។

គួរឲ្យដឹងថា មិនមែនមានតែឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ដោយប្រទេសជាច្រើន ក៏បានផ្តល់ជូនគម្រោងទិដ្ឋាការវិនិយោគស្រដៀងគ្នានេះផងដែរ ប៉ុន្តែប្រទេសមួយចំនួនផ្សេងទៀត ដូចជាកាណាដា អង់គ្លេស និងសិង្ហបុរី បានលុបចោលគម្រោងបែបនេះចោលវិញ ដោយសាររដ្ឋាភិបាលប្រទេសទាំងនោះ មិនអាចធានាបានក្នុងការបង្កើតការងារគ្រប់គ្រាន់។

បើតាមលោក Silmy Karim ប្រធានទីភ្នាក់ងារអន្តោប្រវេសន៍ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានផ្តល់ទិដ្ឋាការមាស ដល់ជនបរទេសជិត ៣០០ នាក់ហើយ ចាប់តាំងពីវាបានចាប់ផ្តើមដាក់សាងល្បងកាលពីឆ្នាំមុន ដោយទាក់ទាញបានការវិនិយោគសរុបចំនួន ១២៣លានដុល្លារ៕