ស្ងាត់ជាងមួយឆ្នាំ Elon Musk បបួលមេធំ Facebook វាយគ្នាម្ដងទៀត

អន្តរជាតិ

បន្ទាប់ពីឌឺដងគ្នា ហើយស្ងាត់អស់រយៈពេលជាងមួយឆ្នាំ ថ្មីៗនេះមហាសេដ្ឋី Elon Musk បានបបួលមហាសេដ្ឋី Mark Zuckerberg ស្ថាបនិក Facebook វាយគ្នាមួយស្មើម្ដងទៀតហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន DailyMail។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គមបានបង្ហាញថា អ្នកសារព័ត៌មានបានសួរ Elon Musk តើលោកហ៊ានវាយគ្នាជាមួយ CEO ក្រុមហ៊ុន Meta ទេ? ភ្លាមៗនោះមហាសេដ្ឋីមានបំផុតលើលោករូបនេះឆ្លើយតបថា៖ ខ្ញុំនឹងវាយជាមួយ Zuckerberg នៅកន្លែងណាក៏បាន ពេលណាក៏បាន ហើយលក្ខខណ្ឌអ្វីក៏យល់ព្រមដែរ។

គួររំលឹកបន្តិចថា កាលពីខែមិថុនាឆ្នាំមុន សង្គ្រាមពាក្យសម្ដីរវាងមហាសេដ្ឋី Elon Musk និង Mark Zuckerberg បានផ្ទុះឡើងក្ដៅគគុក រហូតឈានដល់ការបបួលវាយគ្នា ក៏ប៉ុន្តែវាមិនដែលបានកើតឡើងឡើយ ដោយ Elon Musk លើកឡើងថា ការប្រកួតគ្នាមិនមានយុត្តិធម៌ទេ ដោយសារតែមាឌរបស់លោកធំជាងមេធំ Facebook។

យ៉ាងណា ការបបួលវាយគ្នាសារថ្មីនេះ មិនទាន់ត្រូវបានឆ្លើយតបពីមហាសេដ្ឋី Mark Zuckerberg នៅឡើយនោះទេ ខណៈកន្លងមកកំពូលអ្នកមានរូបនេះ មិនដែលគេចវែសពីការប្រកួតជាមួយ Elon Musk ឡើយ ហើយថែមទាំងបានចូលទៅហ្វឹកហាត់ជាមួយកីឡាប្រដាល់អាជីពមួយចំនួន ដើម្បីត្រៀមប្រកួតគ្នាថែមទៀត៕