Apple របូតតំណែងជាក្រុមហ៊ុនស្មាតហ្វូនលក់ដាច់បំផុតទាំង៥ នៅក្នុងប្រទេសចិន ជាលើកដំបូង

អន្តរជាតិ

ក្រុមហ៊ុនកំពូលរបស់អាមេរិក Apple បានធ្លាក់ចេញពីបញ្ជីឈ្មោះក្រុមហ៊ុនផលិតស្មាតហ្វូនលក់ដាច់បំផុតទាំង៥ នៅក្នុងប្រទេសចិន ជាលើកដំបូង គិតត្រឹមត្រីមាសទីពីរ ឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្នក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់ទី៦ ជាមួយនឹងចំណែកទីផ្សារសរុប ១៤% នៅក្នុងប្រទេសចិន ពោលគឺបានធ្លាក់ចុះ ២% បើធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យទទួលបានពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys ដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសសិង្ហបុរី ។

ប្រភពដដែលនេះ បានបន្ថែមឲ្យដឹងទៀតថា ក្រុមហ៊ុន Vivo នៅតែបន្តកាន់កាប់តំណែងកំពូល ជាមួយនឹងចំណែកទីផ្សារសរុប ១៩% និងតាមពីក្រោយដោយក្រុមហ៊ុន Oppo , Honor , Huawei និង Xiaomi។

ទន្ទឹមនឹងនេះ លោក Lucas Zhong អ្នកវិភាគស្រាវជ្រាវប្រចាំនៅក្រុមហ៊ុន Canalys បាននិយាយថា ៖”វាគឺជាត្រីមាសដំបូងហើយនៅក្នុងប្រវត្តិសាស្ត្រដែលក្រុមហ៊ុនស្មាតហ្វូនក្នុងស្រុក គ្រប់គ្រងលើមុខតំណែងកំពូលទាំងប្រាំ”។

ជម្រាបជូនថា បើតាមទិន្នន័យរបស់ Canalys បានបង្ហាញឲ្យថាទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន បានកើនឡើង ១០% ធៀបទៅនឹងឆ្នាំមុន ជាមួយនឹងចំនួននៃការលក់ឡើងដល់ ៧០ លានគ្រឿង នៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៤នេះ៕