រដ្ឋាភិបាលថៃ​ បញ្ចេញកញ្ចប់ជំនួយតម្លៃជាង ១២ពាន់លានដុល្លារ តាមការសន្យាដើម្បីជំរុញសេដ្ឋកិច្ច

អន្តរជាតិ

យោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូប បាននិយាយកាលពីថ្ងៃទី២៤ ខែកក្កដាកន្លងទៅថា រដ្ឋាភិបាលថៃ បានចាប់ផ្តើមបញ្ចេញកញ្ចប់ថវិកាចំនួន ១២,៥ពាន់លានដុល្លារ សម្រាប់គម្រោងចែកលុយឌីជីថលរបស់ខ្លួន ដើម្បីជំរុញដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះដោយសារតែប្រាក់ចំណូលទាប និងបំណុលគ្រួសារខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បានប្រាប់សន្និសីទសារព័ត៌មានមួយថា ផែនការផ្តល់ប្រាក់ចំនួន ១ម៉ឺនបាត (២៧៨ដុល្លារ) ក្នុងមួយនាក់ សម្រាប់ប្រជាជនថៃសរុប ៥០ លាននាក់ តាមរយ:កាបូបឌីជីថលនេះ គឺជាវិធានការជំរុញរយៈពេលខ្លីដ៏សំខាន់មួយ ក្នុងគោលបំណងធ្វើឲ្យមានសន្ទុះវឌ្ឍនភាពសេដ្ឋកិច្ចរបស់ថៃ។

គួរឲ្យដឹងថា ផែនការចែកលុយឌីជីថលនេះ ត្រូវបានធ្វើឡើងតាមការសន្យារបស់របស់គណបក្សភឿថៃដែលកំពុងកាន់ដំណាច និងជាគោលនយោបាយដ៏លេចធ្លោបំផុតមួយអំឡុងពេលបោះឆ្នោតកាលពីឆ្នាំ២០២៣ កន្លងទៅ។

ទន្ទឹមនឹងនេះ បើតាមលោក Pichai បានបង្ហាញឲ្យដឹងទៀតថា ផែនការនេះអាចនឹងត្រូវចំណាយអស់ប្រហែល ៤៥០ពាន់លានបាត (១២,៥ពាន់លានដុល្លារ) ដោយនឹងចាប់ផ្តើមចែកជូនពលរដ្ឋជាផ្លូវការ នៅក្នុងខែសីហាខាងមុខ ជាមួយនឹងការទាញយកចេញពីថិវិកាជាតិដែលគ្រោងទុកសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ នេះ៕