លោក អាន រ៉ាឌី៖ ជាសហគ្រិនរឹងមាំ គឺត្រូវកំណត់គោលដៅច្បាស់លាស់ និងភាពរឹងមាំរបស់ខ្លួន ពេលជួបព្យុះភ្លៀងបែបណា ក៏មានផែនការសម្រាប់ដោះស្រាយ

សេដ្ឋី និងមុខជំនួញ

លោក អាន រ៉ាឌី អគ្គនាយកក្រុមហ៊ុន មង្គលភ្នំពេញ យល់ឃើញថា ជាសហគ្រិនរឹងមាំ គឺត្រូវតែមានការកំណត់គោលដៅច្បាស់លាស់ និងភាពរឹងមាំរបស់ខ្លួន ពេលជួបនូវព្យុះភ្លៀងបែបណា ក៏មានផែនការ A B C សម្រាប់ដោះស្រាយជានិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការយល់ឃើញរបស់លោក អាន រ៉ាឌី គឺធ្វើឡើងនៅពេលផ្ដល់បទសម្ភាសន៍ពិសេសជាមួយកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលថ្មីៗកន្លងទៅនេះ។ ក្នុងពេលផ្ដល់បទសម្ភាសន៍ លោក អាន រ៉ាឌី បានលើកឡើងពីបទពិសោធន៍ជាច្រើនក្នុងការអភិវឌ្ឍក្រុមហ៊ុនមង្គលភ្នំពេញ រហូតទទួលបានទំនុកចិត្ដខ្ពស់ពីសំណាក់អតិថិជនជាច្រើនពាន់នាក់ក្នុងប្រទេសកម្ពុជា។

លោក អាន រ៉ាឌី គឺជាសហគ្រិនវ័យក្មេងមួយរូបដែលបានបន្ដការងារពីឪពុកនៅឆ្នាំ២០១២ ក្រោយលោកបានបញ្ចប់ដោយជោគជ័យលើការសិក្សានៅថ្នាក់មហាវិទ្យាល័យ។ ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន ថ្វីត្បិតតែនៅវ័យក្មេង លោក តែងតែអភិវឌ្ឍសមត្ថភាពខ្លួនឯងជានិច្ច រហូតឈានទៅរកបាននូវភាពជោគជ័យជាបន្ដបន្ទាប់។

ជាមួយនឹងភាពជោគជ័យក្នុងរយៈពេលខ្លីនេះ អគ្គនាយកមង្គលភ្នំពេញ បានរំលេចឱ្យដឹងថា នៅពេលដែលលោកជួបនូវបញ្ហា ឬឧបសគ្គអ្វី គឺលោកតែងតែដោះស្រាយដោយឈរលើចំណុចវិជ្ជមានជានិច្ច។ លោកពន្យល់ថា កាលណាយើងឈរនៅចំណុចវិជ្ជមានធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ហើយគិតកិច្ចការអ្វីក៏សម្រេចដែរ។ តួយ៉ាងដូចពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកកំពុងតែមានការប្រែប្រួល តម្រូវការអតិថិជនក៏ផ្លាស់ប្ដូរ បច្ចេកវិទ្យា AI ក៏ថ្មី អ៊ីចឹងសម្រាប់លោកជាសហគ្រិនវ័យក្មេងនេះគឺតែងតែព្យាយាមស្វែងយល់លើបញ្ហានេះ ដើម្បីឱ្យការងាររលូនទៅមុខ។ លោកតែងតែគិតថាឧបសគ្គទាំងអស់គឺជាបទពិសោធន៍ ជាកត្ដាមួយដែលជំរុញឱ្យលោកមានការកើនឡើងនៃសមត្ថភាព ក៏ដូចជាការអភិវឌ្ឍប្រកបដោយភាពស្រស់បំព្រង។

បន្ថែមពីនោះ លោក អាន រ៉ាឌី ក៏បានយកទ្រឹស្ដីប្រចាំជីវិតឪពុកយកមករៀនសូត្រនិងអនុវត្ដផងដែរ « លុយនៅទីណា បន្លានៅទីនោះ»។ លោកពន្យល់ថា កាលណាយើងចង់បានលុយរបស់គេគឺពិបាក អ៊ីចឹងតម្រូវឱ្យយើងមានភាពអត់ធ្មត់ជានិច្ច ទើបយើងអាចទទួលបានជោគជ័យ និងទទួលបានបទពិសោធន៍ល្អៗ។ ភ្ជាប់ជាមួយគំនិតជាសហគ្រិន អគ្គនាយកមង្គលភ្នំពេញរូបនេះមុននឹងអភិវឌ្ឍ ឬធ្វើអ្វីមួយគឺតែងតែដើរតាមដំណាក់កាល និងមានការប្រយ័ត្នខ្ពស់បំផុត ពីព្រោះថាបន្លាមានគ្រប់កន្លែង បើមិនប្រយ័ត្នទេគឺអាចនឹងមុតបន្លា។

សូមជម្រាបជូនថា លោក អាន រ៉ាឌី គឺជាអគ្គនាយកក្រុមហ៊ុនមង្គលភ្នំពេញ។ មង្គលភ្នំពេញបានសាងសង់សម្រេចចំនួន៨គម្រោងហើយ ដោយក្នុងនោះ៦គម្រោងបានលក់អស់ ដោយឡែក២គម្រោងទៀតសាងសង់រួចរាល់ហើយ កំពុងធ្វើការលក់ចេញ៕