រឿងក្ដីរំលាយក្រុមហ៊ុនអចលនទ្រព្យ Country Garden នឹងត្រូវបើកសំណុំរឿងនាដើមឆ្នាំក្រោយ

អន្តរជាតិ

តុលាការក្រុងហុងកុងបានប្រកាសថា នឹងបើកសំណុំរឿងរំលាយក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Country Garden នាខែមករា ឆ្នាំ២០២៥ បន្ទាប់ពីពន្យារពេលអស់ជាច្រើនខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានឲ្យដឹងថា ការពន្យារពេលសារនេះ គឺតុលាការទុកពេលឲ្យក្រុមហ៊ុន Country Garden អាចធ្វើការចរចាជាមួយម្ចាស់បំណុលបរទេសជាលើកចុងក្រោយ អំពីផែនការសងបំណុលរបស់ពួកគេ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Country Garden បានទទួលពាក្យបណ្ដឹងពីក្រុមហ៊ុន Ever Credit Limited កាលពីខែកុម្ភៈ ជុំវិញការរំលាយក្រុមហ៊ុនចោល បន្ទាប់ពីពួកគេមិនអាចសងបំណុលប្រហែល ២០៥លានដុល្លារ ខណៈបំណុលបរទេសរបស់ក្រុមហ៊ុនមួយនេះ គឺមានប្រហែល ១១ពាន់លានដុល្លារឯណោះ។

សូមជម្រាបដែរថា មេធាវីតំណាងក្រុមហ៊ុន Country Garden បានប្រាប់ទៅកាន់តុលាការថា កូនក្ដីរបស់ខ្លួនកំពុងរៀបចំផែនការសងបំណុល ដែលនឹងសម្រេចជាផ្លូវការនៅក្នុងខែកញ្ញា ហើយក៏មានគម្រោងស្នើសុំឲ្យតុលាការពិនិត្យមើល លើញត្តិរំលាយក្រុមហ៊ុនឡើងវិញផងដែរ៕