ទីភ្នាក់ងារពាណិជ្ជកម្មបរទេសរបស់ក្រសួងផែនការ និងវិនិយោគវៀតណាម បានអះអាងថា រយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៤នេះ វិនិយោគិនបរទេសមកបណ្ដាក់ទុននៅប្រទេសវៀតណាម ច្រើនជាង ១៨ពាន់លានដុល្លារ កើនឡើងជិត ១១% បើធៀបនឹងឆ្នាំមុន។
ទន្ទឹមនឹងនោះ សារព័ត៌មាន VNExpres បានបង្ហាញថា ក្នុងចំណោមទំហំទឹកប្រាក់ទាំងអស់នោះ កញ្ចប់លុយ ១០,៧៦ពាន់លានដុល្លារ ត្រូវបានយកទៅវិនិយោគនៅក្នុងគម្រោងថ្មីៗប្រហែល ១ ៨១៦គម្រោង។
ទីភ្នាក់ងាររដ្ឋវៀតណាម ក៏បានបង្ហើបទៀតថា វិនិយោគិនបរទេសភាគច្រើន គឺចាយលុយបណ្ដាក់ទុននៅក្នុងវិស័យចំនួន ១៨ នៃវិស័យសេដ្ឋកិច្ចសរុបចំនួន ២១ របស់ប្រទេសវៀតណាម។
ក្នុងនោះ វិស័យផលិតកម្មអូសទាញការវិនិយោគបានច្រើនជាងគេ ប្រហែល ១២,៦៥ពាន់លានដុល្លារ ស្របពេលវិស័យអចលនទ្រព្យទទួលបានការបណ្ដាក់ទុនជិត ៣ពា់លានដុល្លារ ខណៈវិស័យលក់ដុំ និងរាយ ទទួលបាន ៧៤០លានដុល្លារ។
ក្នុងចំណោមវិនិយោគិនបរទេស ដែលចាយលុយច្រើនបំផុតវិនិយោគនៅប្រទេសវៀតណាម ជនជាតិសិង្ហបុរី ជាវិនិយោគិនធំបំផុត ដែលចាយប្រហែល ៦,៥ពាន់លានដុល្លារ ខណៈជនជាតិហុងកុង ជប៉ុន ចិន និងកូរ៉េខាងត្បូង ជាវិនិយោគិនជះលុយបណ្ដាក់ទុននៅវៀតណាមច្រើនបំផុតផងដែរ៕