អនុប្រធានាធិបតីប្រេស៊ីល លោក Geraldo Alckmin បានប្រាប់បណ្ដាញសារព័ត៌មានថា បុរសខ្លាំងរដ្ឋចិន ស៊ី ជិនពីង នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសប្រេស៊ីល នាខែវិច្ឆិកាខាងមុខ។
បើតាមការចុះផ្សាយពីគេហទំព័រ SCMP បានបង្ហាញថា ក្នុងដំណើរទស្សនកិច្ច ដែលនឹងធ្វើឡើងនាចុងឆ្នាំនេះ លោក ស៊ី គ្រោងជួបជាមួយមេដឹកនាំប្រេស៊ីល នៅក្នុងទីក្រុង Rio de Janeiro ដែលជាទីតាំងរៀបចំកិច្ចប្រជុំកំពូល G20 ផងដែរ។
យ៉ាងណា ស្ថានទូតចិនប្រចាំប្រទេសប្រេស៊ីល បានបង្ហើបប្រាប់ថា បច្ចុប្បន្នដំណឹងនៃដំណើរទស្សនកិច្ចមួយនេះ គឺមិនទាន់ច្បាស់ការឡើយ ពោលពួកគេកំពុងរង់ចាំការសម្រេចជាផ្លូវការពីរដ្ឋាភិបាលជាមុនសិន។
សូមជម្រាបដែរថា បើសិនជាលោក ស៊ី ជិនពីង ធ្វើដំណើរទៅប្រទេសប្រេស៊ីលនាខែវិច្ឆិកាមែន វានឹងក្លាយជាការបំពេញទស្សនកិច្ចលើកដំបូង របស់ប្រធានាធិបតីចិនទៅកាន់ប្រេស៊ីល ក្នុងរយៈពេល ១ឆ្នាំកន្លះ ខណៈមានក្ដីរំពឹងទុកខ្ពស់ថា កិច្ចព្រមព្រៀងជាច្រើន ជាពិសេសលើអាជីវកម្មក្នុងវិស័យកសិកម្ម និងអាកាសចរណ៍ នឹងត្រូវលើកមកជជែកគ្នា ក្នុងជំនួបមេដឹកនាំប្រទេសទាំង២៕