ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការកសាងហេត្ថារចនាសម្ព័ន្ធតភ្ជាប់នៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់ ក្នុងការឈានទៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនកាន់តែប្រសើរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចនារសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ដូច្នេះថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។
ហេតុដូច្នេះ សម្តេចធិបតី បន្តថា៖« ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេត្ថារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់»។
សូមបញ្ជាក់ដែរថា ការលើកឡើងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតី បានឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ។
សូមរម្លឹកដែរថា គោលនយោបាយរបស់រដ្ឋាភិបាល អាណាត្តិទី៧ បានបន្តកំណត់អាទិភាព មនុស្ស ទឹក ផ្លូវ (ហេដ្ឋារចនាសម្ព័ន្ធ) ភ្លើង តែបន្ថែមជាមួយបច្ចេកវិទ្យា ដើម្បីធ្វើទំនើបកម្មប្រជាពលរដ្ឋ។ គោលនយោបាយ ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ចេញ គឺក្នុងគោលដៅដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឈានទៅសម្រេចនូវសមិទ្ធផលបន្ថែម ជូនប្រជាពលរដ្ឋកាន់តែប្រសើរ៕ អត្ថបទ៖ រង្សី