ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង និងគណៈប្រតិភូ បានធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ(ចាប់ពីថ្ងៃទី៣០ ដល់៣១ )ខែកក្កដា ឆ្នាំ២០២៤ ដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។
ការមកដល់របស់ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង និងគណៈប្រតិភូ បានទទួលបដិសណ្ឋារកិច្ចដោយលោក ហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោក Wang WenBin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោក John Lee ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង និងគណៈប្រតិភូ នឹងចូលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជួបជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នឹងទទួលជួបជាមួយគណ:ប្រតិភូកម្ពុជាផងដែរ សំដៅដល់ការទាក់ទាញ និងពង្រីកឱកាសវិនិយោគនៅកម្ពុជា។
សូមជម្រាបជូនថា នៅឆ្នាំ២០២៣ កម្ពុជាបានក្លាយជាទីផ្សារនាំចូល និងនាំចេញធំបំផុតទីប្រាំពីររបស់ហុងកុងនៅក្នុងតំបន់អាស៊ាន ជាមួយនឹងតម្លៃពាណិជ្ជកម្មសរុបប្រមាណ ៨៩៣,៤ លានដុល្លារអាមេរិក៕