ភ្ញៀវទេសចរអន្តរជាតិជិត ១០ លាននាក់ ចូលមកកាន់ប្រទេសវៀតណាម ត្រឹម ៧ខែដំបូងឆ្នាំនេះ

អន្តរជាតិ

យោងតាមការរិយាល័យស្ថិតិទូទៅ បាននិយាយកាលពីថ្ងៃចន្ទ ទី២៩ ខែកក្កដានេះថា ប្រទេសវៀតណាម ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបជិត ១០ លាននាក់ ក្នុងរយ:ពេលត្រឹម ៧ខែដំបូងឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិនេះ បានបង្ហាញពីការកើនឡើងរហូតដល់ទៅ ៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និង ១,៩% ខ្ពស់ជាងឆ្នាំ២០១៩ នៅមុនពេលកើតមានជំងឺរាតត្បាតកូវីដ-១៩។

ការរិយាល័យស្ថិតិទូទៅ ក៏បានបង្ហាញឲ្យដឹងទៀតផងដែរថា វិស័យទេសចរណ៍វៀតណាម បានកត់ត្រាការកើនឡើងជាង ៤៧% ​ នៃចំនួនភ្ញៀវទេសចរ មកពីតំបន់អឺរ៉ុប ខណ:ទីផ្សារផ្សេងទៀតក៏ឃើញមានកំណើនខ្ពស់ផងដែរ ដូចជាអាស៊ី កើនឡើងជាង ៥៧% អូស្ត្រាលី ២៧,៣% និងអាមេរិកមាន ៩,៧%។

គួរឲ្យដឹងផងដែរថា ប្រទេសកូរ៉េខាងត្បូង និងចិន នៅតែជាប្រភពទីផ្សារទេសចរណ៍ធំបំផុតរបស់វៀតណាម ក្នុងអំឡុងរយ:ពេល ៧ខែដំបូង​ នៅឆ្នាំ២០២៤ ។

ជម្រាបជូនថា ចំពោះតួលេខវិជ្ជមាននៃភ្ញៀវទេសចរអន្តរជាតិ ជាពិសេសការកើនឡើងនៃភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប ក្នុងរដូវទេសចរណ៍ទាប (Low Season) នេះ ត្រូវបានគេសន្មតថា គឺដោយសារគោលនយោបាយទិដ្ឋាការអំណោយផលរបស់វៀតណាម និងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ផ្សេងៗ ដែលចូលរួមជាពិសេសដោយអាជីវកម្ម និងតំបន់នានា៕