ថៃ នឹងក្លាយជាប្រទេសអាស៊ានទី២ បន្ទាប់ពីសិង្ហបុរី ដែលប្រកាសយកពន្ធលើកាបូន

អន្តរជាតិ

ថៃ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការក្លាយជាប្រទេសទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ដែលប្រកាសយកពន្ធកាបូន ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នពុលកាបូនិច និងងាកមកប្រើប្រាស់ថាមពលស្អាតដើម្បីកាត់បន្ថយការកើនឡើងកម្តៅផែនដី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់របស់រដ្ឋាភិបាលថៃ បានបង្ហាញឲ្យដឹងថា ការយកពន្ធកាបូននេះ អាចនឹងត្រូវដាក់ចេញនៅឆ្នាំក្រោយ ដោយនឹងតម្រង់សំខាន់ទៅលើក្រុមហ៊ុនផលិតថាមពល និងវិស័យឯកជននានា ដើម្បីឲ្យពួកគេងាកមកចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចរួមគ្នា។

គួរឲ្យដឹផងដែរថា ប្រទេសសិង្ហបុរី បានដាក់ចេញពន្ធកាបូនដំបូងបំផុត នៅក្នុងឆ្នាំ២០១៩ ដែលគ្របដណ្តប់ប្រហែល ៨០% នៃការបំភាយឧស្ម័នពុលរបស់ខ្លួន។ ការយកពន្ធដំបូងនេះ គឺមានតម្លៃ ៣,៧ដុល្លារ ក្នុងមួយតោននៃកាបូនឌីអុកស៊ីត សម្រាប់រយៈពេលប្រាំឆ្នាំដំបូង ហើយបន្ទាប់មកបានកើនឡើងដល់តម្លៃជាង ១៨ដុល្លារ ក្នុងមួយតោននៃកាបូនឌីអុកស៊ីត នៅឆ្នាំនេះ ខណ:តម្លៃអាចនឹងបន្តកើនឡើង នៅឆ្នាំបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងនេះ សម្រាប់ប្រទេសថៃវិញ ក៏នឹងអនុវត្តតាមសិង្ហបុរីផងដែរ ដោយរដ្ឋាភិបាលថៃ បានប្រកាសកាលពីខែមិថុនាថា ខ្លួននឹងយកពន្ធចំនួន ២០០បាត (៥,៦ដុល្លារ) ក្នុងមួយតោននៃឧស្ម័នកាបូនឌីអុកស៊ីត លើផលិតផលប្រេង ដូចជាម៉ាស៊ូត និងសាំង ជាដើម។

ជម្រាបជូនផងដែរថា ចំពោះអាជីវកម្មថាមពល ពន្ធដែលមានស្រាប់លើផលិតផលប្រេង នឹងត្រូវបានបំប្លែងទៅជាពន្ធកាបូនវិញ ដែលនេះមានន័យថាពួកគេមិនចាំបាច់ត្រូវចំណាយបន្ថែមទៀតនោះឡើយ ខណ:រដ្ឋាភិបាលក៏មិនចាំបាច់អនុម័តច្បាប់ថ្មី ផងដែរ៕