ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងតំបន់រដ្ឋបាលពិសេសហុងកុង បានសម្រេចអនុស្សរណៈនៃការយោគយល់គ្នា លើរឿងសំខាន់ ចំនួន២ ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែប្រសើរថែមទៀត។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាហត្ថលេខី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួនពីរ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ តំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក John Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) ទាំង២នោះ រួមមាន៖១. អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ និង២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សូមបញ្ជាក់ដែរថា លោក John Leeប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKSAR) មកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី៣០-៣១ ខែកក្កដានេះ។ គណៈប្រតិភូបានលើកឡើងពីសក្តានុពលរបស់កម្ពុជា និងទីផ្សារអាស៊ានសម្រាប់សកម្មភាពវិនិយោគផ្សេងៗ ដោយបានលើកទឹកចិត្តឱ្យធុរកិច្ច និងអ្នកវិនិយោគហុងកុងពិចារណាពង្រីកការវិនិយោគនៅកម្ពុជានៅឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារបស់គណៈប្រតិភូហុងកុងនាពេលនេះ កម្ពុជាសង្ឃឹមថា នឹងជួយពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងសេដ្ឋកិច្ចទ្វេភាគីបន្ថែមទៀតផងដែរ៕ អត្ថបទ៖ រង្សី