ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មហាសេដ្ឋី Warren Buffett បានបន្តលក់ភាគហ៊ុនក្នុងធនាគារ Bank of America បន្ថែមទៀត ពោលក្នុងខែកក្កដានេះ លោកបានកើបលុយជាង ៣ពាន់លានដុល្លាររួចហើយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា មហាសេដ្ឋីរូបនេះ បានលក់ភាគហ៊ុនចុងក្រោយនៃធនាគារ Bank of America ចន្លោះពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ក្នុងទំហំទឹកប្រាក់ប្រហែល ៧៦៧លានដុល្លារ។
គិតត្រឹមរយៈពេល ២សប្ដាហ៍ចុងក្រោយ នៃខែកក្កដា ក្រុមហ៊ុន Berkshire Hathaway បានលក់ភាគហ៊ុនក្នុងធនាគារ Bank of America ជាង ៧១លានហ៊ុន សរុបជាសាច់ប្រាក់ប្រមាណ ៣ពាន់លានដុល្លារ។
បើទោះជា មហាសេដ្ឋីអាមេរិករូបនេះ បានបន្តលក់ភាគហ៊ុនអស់រាប់ពាន់លានដុល្លារក៏ពិតមែន តែបិតាវិនិយោគិន Warren Buffett នៅតែជាម្ចាស់ភាគហ៊ុនធំបំផុតនៃធនាគារ Bank of America ដដែល ដោយមានភាគហ៊ុនក្នុងដៃសរុប ១២,៤% សរុបជាសាច់ប្រាក់ ៣៩,៥ពាន់លានដុល្លារ៕