ក្រុមហ៊ុន Tesla បានប្រមែប្រមូលរថយន្តប្រហែល ១,៨៥លានគ្រឿងចូលរោងចក្រវិញ បន្ទាប់ពីរកឃើញថា ប្រព័ន្ធបញ្ជាបិទគម្របម៉ាស៊ីនឡាន មិនអាចដំណើរការបានប្រក្រតី អំឡុងពេលបើកបរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ទន្ទឹមនឹងនោះ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ ហៅកាត់ NHTSA ក៏បានអះអាងដែរថា ករណីគម្របម៉ាស៊ីនឡានបិទមិនជិត អំឡុងពេលបើកបរអាចបង្កជាហានិភ័យធ្ងន់ធ្ងរ ពោលគឺវាបាំងភ្នែកអ្នកបើកបរ និងអាចបណ្ដាលឲ្យកើតជាគ្រោះថ្នាក់ចរាចរណ៍។
សម្រាប់ប្រភេទ និងម៉ូដែលរថយន្ត ដែលក្រុមហ៊ុន Tesla ចាប់ផ្ដើមប្រមែប្រមូលចូលរោងចក្រវិញ គឺមានដូចជា រថយន្ត Model 3 Model S និង Model X សេរីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ និងរថយន្ត Model Y សេរីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។
សូមជម្រាបដែរថា បញ្ហាគម្របម៉ាស៊ីនឡានបិទមិនជិតនេះ ត្រូវបានអតិថិជននៅប្រទេសចិន ចាប់ផ្ដើមរអ៊ូរទាំងតាំងពីខែមីនាម៉្លេះ ហើយទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលបញ្ហាស្រដៀងគ្នា កើតមាននៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង ទើបក្រុមហ៊ុន Tesla ញាប់ដៃញាប់ជើង ដោះស្រាយបញ្ហាមួយនេះ៕