ក្រុមហ៊ុនឯកជនមួយរបស់សិង្ហបុរី ដែលមានបទពិសោធន៍ច្រើនឆ្នាំលើការងារផ្សព្វផ្សាយសក្ដានុពលក្នុងប្រទេសនានា ទាំងក្នុងតំបន់ និងពិភពលោក មានគម្រោងរៀបចំផែនការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា។
នេះបើតាមរយៈជំនួបពិភាក្សាការងារ រវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូដែលដឹកនាំដោយ លោក អ៊ិត វិជិត នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីស្ដាប់បទបង្ហាញលើគម្រោងផែនការរៀបចំការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យវិស័យឯកជន ក្រោមការសម្របសម្រួលពីក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា រៀបចំធ្វើបទបង្ហាញ និងស្នើសុំអនុសាសន៍ណែនាំពីឧបនាយករដ្ឋមន្ត្រី ពាក់ព័ន្ធផែនការរៀបចំការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា។
សូមបញ្ជាក់ថា គម្រោងរៀបចំផែនការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា បានបង្ហាញដោយលោកស្រី Lim Sau Hoong ប្រធានក្រុមហ៊ុន SHAOFEN LABS PTE. LTD. របស់សិង្ហបុរី ដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំលើការងារផ្សព្វផ្សាយសក្ដានុពលក្នុងប្រទេសនានា ទាំងក្នុងតំបន់ និងពិភពលោកនាពេលកន្លងមក។
សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ កម្ពុជា-សិង្ហបុរី ក៏បានបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលរួមការកសាងនូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសផ្សេងទៀត មកទស្សនាប្រទេសទាំងពីរផងដែរ។
របាយការណ៍ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត១៣លាននាក់ ក្នុងនោះ ទេសចរអន្តរជាតិ ៣,១៦ លាននាក់ និង ទេសចរជាតិ ៩,៦៩ លាននាក់។ចំនួនទេសចរអន្តរជាតិក្នុងរយៈពេល៦ខែនេះ មានការកើនឡើង ២២,៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ស្មើនឹង ៩៤,៩% នៃឆ្នាំ២០១៩ ហើយទេសចរជាតិកើនឡើង ៦,៤%។ ចំណែកទីផ្សារទេសចរសំខាន់ៗរបស់កម្ពុជារួមមាន ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង អង់គ្លេស និងជប៉ុន៕