ព្រឹទ្ធសភា បានឯកភាពឥតកែប្រែលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

សង្គម​ និង​សេដ្ឋកិច្ច

ព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អង្គប្រជុំវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពរបស់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុម័តយល់ព្រមលើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។

ប្រភពដដែល បន្តថា កម្ពុជា រំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជាយើងនូវក្របខ័ណ្ឌ ច្បាប់ដ៏រឹងមាំដែលគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ហើយក៏នឹងជំរុញកំណើន សេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជកម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួមចំណែកដល់វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុង តំបន់និងពិភពលោកផង។

ការអនុម័តសេចក្តីព្រាងច្បាប់នេះ ក៏ជាការវិនិយោគដើម្បីអនាគតសំដៅឈានទៅសម្រេច បាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលស្ថិតនៅក្នុងបញ្ចកោណទី២ (ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង) និងមុំទី២ (ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពលើវិស័យដឹកជញ្ជូន ឡូជីស្លឹក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល)។

ក្រោយពីសមាជិកព្រឹទ្ធសភាបានឡើងមានយោបល់ និងលើកជាសំណួររួចមក លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឆ្លើយបំភ្លឺ ជូនអង្គប្រជុំព្រឹទ្ធសភា។

ជារួមអង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

គួរបញ្ជាក់ដែរថា តាមរយៈសេចក្តីសន្និដ្ឋានរួមរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា និងការពិភាក្សាផ្តល់យោបល់នៅក្នុងកិច្ច ប្រជុំវិសាមញ្ញ អង្គប្រជុំខាងលើ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីត៌កាល ទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញដំណើរសេដ្ឋកិច្ចកម្ពុជា ឱ្យឆ្ពោះទៅមុខដោយល្បឿនលឿន៕ អត្ថបទ៖ រង្សី