ស្ថិតនៅក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ចំពោះផលិតផលបន្ទះឈីប ក្រុមហ៊ុនមួយចំនួនធំបានបង្ហាញពីភាពជោគជ័យរៀងៗខ្លួន ខណៈក្នុងនោះ ក្រុមហ៊ុន Samsung Electronics បានរាយការណ៍អំពីប្រាក់ចំណូលរបស់ខ្លួន ថាមានការកើនឡើងយ៉ាងឆាប់រហ័សបំផុត ចាប់តាំងពីឆ្នាំ២០១០ មក។
គេហទំព័រ Yahoo Finance បានរាយការណ៍ថា ក្រុមហ៊ុនផលិតអង្គចងចាំ និងស្មាតហ្វូនដ៏ធំជាងគេបំផុតរបស់ពិភពលោក Samsung Electronics បានប្រកាសអំពីប្រាក់ចំណូលរបស់ខ្លួន មានការកើនឡើងរហូតដល់ទៅប្រាំមួយដងឯណោះ ពោលមានចំនួន ៩,៦៤ទ្រីលានវ៉ុន (៦,៩៦ពាន់លានដុល្លារ) នៅក្នុងត្រីមាសខែមិថុនា។ បើក្រឡេកនៅដើមខែកក្កដានេះ ប្រាក់ចំណេញប្រតិបត្តិការបឋមរបស់ក្រុមហ៊ុន មានការកើនឡើងរហូតដល់ទៅ ១៥ដង រីឯប្រាក់ចំណូលវិញក៏មានការកើនឡើង២៣% ផងដែរ។
គួរបញ្ជាក់ដែរថា ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រាក់ចំណេញ ភាគច្រើនគឺដោយសារតែមានការរួមចំណែកពីផលិតផល Semiconductor ពោលក្រុមហ៊ុន រកប្រាក់ចំណេញប្រតិបត្តិការបានចំនួន ៦,៤៥ទ្រីលានវ៉ុន ដ្បិតអតិថិជនកំពុងមានតម្រូវការយ៉ាងរឹងមាំចំពោះផលិតផលបន្ទះឈីប និងការកើនឡើងថ្លៃនៃតម្លៃអង្គចងចាំ៕