ក្រុមមហាសេដ្ឋីរបស់ចិន ព្យាយាមបែងចែកទ្រព្យសម្បត្តិរបស់ខ្លួន ទៅក្នុងការវិនិយោគគោលៗទាំងនេះវិញ ចំពេលសេដ្ឋកិច្ចធ្លាក់ចុះ

អន្តរជាតិ

យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ Knight Frank បានរាយការណ៍ការក្នុងពេលថ្មីៗនេះថា ក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ប្រទេសចិន ដែលម្នាក់ៗមានទ្រព្យសម្បត្តិសរុបយ៉ាងតិច ៣០លានដុល្លារ ត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងជិត ៥០% ពីចំនួនជិត ១០ម៉ឺននាក់ ក្នុងឆ្នាំ២០២៣នេះ ដល់ចំនួនជាង ១៤ម៉ឺននាក់ នៅឆ្នាំ២០២៨ ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែក្នុងពេលជាមួយគ្នានេះ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងប្រឈមមុខជាមួយនឹងកំណើនសេដ្ឋកិច្ចយឺតបំផុត រួមជាមួយវិបត្តិអចលនទ្រព្យនៅតែមិនទាន់អាចដោះស្រាយចេញផងនោះ តើក្រុមមហាសេដ្ឋីរបស់ប្រទេសចិនទាំងនេះ នឹងចាត់ចែងទុកដាក់ទ្រព្យសម្បត្តិរបស់ពួកគេទៅកាន់កន្លែងណាខ្លះ?

បើតាមការចុះផ្សាយពីសារព័ត៌មាន CNBC បានបង្ហាញឲ្យដឹងថា ក្រុមមហាសេដ្ឋីរបស់ប្រទេសចិនទាំងនោះ កំពុងព្យាយាមបង្កើនការវិនិយោគរបស់ពួកគេ ទៅក្នុងទ្រព្យសកម្មអន្តរជាតិ រួមទាំងការចាយលុយទៅលើការទិញអលចនទ្រព្យប្រណីតៗ ជាពិសេសនៅក្នុងទីក្រុងដែលមានទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់ៗ នៅក្នុងប្រទេស។

បើតាមរបាយការណ៍ដាច់ដោយឡែកមួយ ពីក្រុមហ៊ុនស្រាវជ្រាវ CBRE របស់ប្រទេសចិន បានបង្ហាញថា លំនៅឋានប្រណីតៗ ជាពិសេសនៅទីក្រុងសៀងហៃ បានក្លាយជាការវិនិយោគដ៏ល្អសម្រាប់មហាសេដ្ឋី និងក្រុមគ្រួសារអ្នកមានរបស់ចិន ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយប្រិតបត្តិការលក់ផ្ទះក្នុងតម្លៃអប្បបរមា ២,៧៥លានដុល្លារ នៅក្នុងទីក្រុងនេះ បានកើនឡើងដល់ទៅ ៣៨% គិតក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ នេះ។

ទន្ទឹមនឹងនេះ លោក Nick Xiao នាយកប្រតិបត្តិនៃក្រុមហ៊ុនស្រាវជ្រាវ Hywin International បានបង្ហាញឲ្យដឹងទៀតថា ក្រុមមហាសេដ្ឋីរបស់ប្រទេសចិន ក៏កំពុងព្យាយាមដាក់លុយវិនិយោគទៅក្នុងទ្រព្យសកម្មអន្តរជាតិដែលកំពុងរីកចម្រើន និងថែមទាំងព្យាយាមធ្វើចម្រុះកម្មការវិនិយោគរបស់ខ្លួនផ្សេងទៀត ដូចជាលើរូបិយប័ណ្ណ ឥណទានឯកជន ​ប័ណ្ណ​រតនាគាររបស់សហរដ្ឋអាមេរិក និងភាគហ៊ុនទីផ្សារអភិវឌ្ឍ ជាដើម។

ប្រភពដដែលនេះ បានសង្កត់ធ្ងន់ទៀតថា ការព្យាយាម​បង្វែរ​ទ្រព្យសម្បត្តិ របស់ក្រុមមហាសេដ្ឋីចិន ទៅកាន់កន្លែងផ្សេងៗដែលមានសុវត្ថភាពជាងមុន ជាពិសេសកន្លែងដែលមានហានិភ័យទាប ដូចជារតនាគារសហរដ្ឋអាមេរិក គឺបានឆ្លុះបញ្ចាំងពីការត្រៀមខ្លួនរបស់ពួកគេ ដើម្បីទប់ស្កាត់ទៅនឹងបញ្ហាប្រឈមផ្សេងៗ បន្ទាប់ពីបានជួបប្រទះនូវការខាតបង់យ៉ាងច្រើន នៅទាំងក្នុងវិស័យអចលនទ្រព្យ និងទីផ្សារភាគហ៊ុនក្នុងស្រុក៕