គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C សាងសង់សម្រេចបានលទ្ធផល១០០%ហើយ ខណៈក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីក្រុមហ៊ុនសាងសង់ក៏បានរៀបចំពិធីប្រគល់-ទទួលគម្រោងសាងសង់ផ្លូវនេះរួចរាល់ហើយដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយលោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧១C បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងប្រគល់-ទទួល គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C ដែលសម្រេចបានលទ្ធផល១០០%។
ការចុះពិនិត្យនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន (WACC) និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម និងត្បូងឃ្មុំ។
គួរបញ្ជាក់ដែរថា ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) គឺជាខ្សែផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក និងមានសភាពធន់ រឹងមាំ និងជាខ្សែផ្លូវដែលមានចរាចរណ៍មមាញឹក និងការតភ្ជាប់ដ៏សំខាន់។
ផ្លូវជាតិដ៏សំខាន់នេះជាប្រភេទ AC/DBST ចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដែលមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា) ២៤ខែ។
ផ្លូវជាតិលេខ៧១C ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន ដែលមានទំហំថវិកាជាង ១២៩លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ៕ អត្ថបទ៖ រង្សី