ក្រុមហ៊ុន Ly Hour Insurance Plc. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានលោកអ្នកឧកញ៉ា លី ហួរ ជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន បានប្រកាសផ្លាស់ប្តូរឈ្មោះថ្មី ទៅជា «ក្រុមហ៊ុន Ly Hour SBI Insurance Plc.»។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន កាលពីម្សិលមិញ បានបញ្ជាក់ថា ក្រុមហ៊ុន Ly Hour Insurance Plc. ជាក្រុមហ៊ុនមួយដែលមានកេរិ៍្តឈ្មោះក្នុងវិស័យធានារ៉ាប់រង សូមប្រកាសជាឱឡារិកពីការផ្លាស់ប្តូរនាមករណ៍ថ្មីទៅជា ក្រុមហ៊ុន Ly Hour SBI Insurance Plc. ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយបន្ទាប់ពីមានការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន SBI Holdings, Inc. នៃប្រទេសជប៉ុន។
ការផ្លាស់ប្តូរនាមករណ៍ថ្មីទៅជា ក្រុមហ៊ុន Ly Hour SBI Insurance Plc. ម.ក គឺជាការរួមបញ្ចូលគ្នានូវគុណវុឌ្ឍិ និងគុណតម្លៃ របស់ក្រុមហ៊ុន លី ហួរ គ្រុប និង ក្រុមហ៊ុន SBI Holdings, Inc. ដើម្បីបន្តពង្រីកសេវាកម្ម និងនាំមកនូវបទពិសោធន៍ថ្មី ជូនដល់ អតិថិជន។
ក្រុមហ៊ុន បានបន្តថា ការផ្លាស់ប្តូរនេះ នឹងនាំមកនូវយុទ្ធសាស្រ្តបង្រួបបង្រួមមួយ ដើម្បីធានាបាននូវភាពងាយស្រួលនៃសេវាកម្ម និងបទ ពិសោធន៍ ថ្មីជូនអតិថិជន កាន់តែប្រសើរជាងមុន។ ដៃគូសហការ និងអតិថិជន អាចទទួលបាននូវការប្ដេជ្ញាចិត្ត ទំនុកចិត្ត និង ក្រមសីលធម៌ក្នុងការយកចិត្តទុកដាក់ជាមួយអតិថិជនដោយស្មើភាពគ្នា ដែលធ្លាប់តែដឹងថាមាននៅជាមួយក្រុមហ៊ុន Ly Hour Insurance Plc. ឥឡូវនេះបានបង្កើនសក្ដានុពលពេញដោយសមត្ថភាពនៅជាមួយក្រុមហ៊ុន Ly Hour SBI Insurance Plc.។
ក្រុមហ៊ុន Ly Hour SBI Insurance Plc. ប្តេជ្ញាក្នុងការរក្សាបាននូវស្តង់ដារកម្រិតខ្ពស់លើវិជ្ជាជីវៈ សុចរិតភាព និងផ្តោត ទៅលើអតិថិជន ដោយការយកចិត្តទុកដាក់ខ្ពស់ លើការផ្តល់ដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងលើសពីការរំពឹងទុក។
គួរបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក ត្រូវបានបង្កើតឡើងដំបូងនៅចុងឆ្នាំ ២០១៧ ដោយបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងទូទៅ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៧ ។ ក្រុមហ៊ុនមានដើមទុនចុះបញ្ជីសរុប ចំនួន ៧,៧លានដុល្លារអាមេរិក និងបានចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៨៕