សម្តេចធិបតី សរសើររសជាតិ ដំណាប់ស្វាយកែវរមៀត និងប្រកាសគាំទ្រផលិតផលកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកោតសរសើរនូវរសជាតិ ដំណាប់ស្វាយកែវរមៀត ថាមានរសជាតិឆ្ងាញ់ ដែលជាផលិតផលកម្ពុជា ១០០% ខណៈសម្តេចក៏បានប្រកាសចូលរួមគាំទ្រផលិតផលប្រទេសកម្ពុជាថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងរូបភាពដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកជាមួយ កូនប្រុសពៅរបស់សម្ដេច កាលយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរខ្លឹមសារយ៉ាងដូច្នេះថា៖«ថ្ងៃនេះប្រជុំជ្រុលម៉ោងមកដល់ផ្ទះយប់បន្តិច បានកូនប្រុសបបួលញ៉ាំដំណាប់ស្វាយកែវរមៀត ដ៏មានរសជាតិឆ្ងាញ់ ដើម្បីប៉ូវកម្លាំង។ គាំទ្រផលិតផលប្រទេសកម្ពុជា ១០០%»។

សូមរម្លឹកដែរថា នេះមិនមែនជាលើកទី១ឡើយ ដែលសម្តេចធិបតីបានកោតសរសើរ ផលិតផលរបស់កម្ពុជា។ ជាក់ស្តែងតាមរយៈសារលិខិតអបអរសាទរ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១» សម្តេចធិបតី ក៏ធ្លាប់បានអំពាវនាវឱ្យពលរដ្ឋចូលរួមគាំទ្រជួយទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ឱ្យបានច្រើន ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម។

បន្ថែមពីនេះ សម្តេច ក៏ធ្លាប់បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍ជំរុញចលនា ភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរឱ្យកាន់តែមានភាពសម្បូរបែប និងមានសក្តានុពលពាណិជ្ជកម្មទាំងលើទីផ្សារជាតិ និងអន្តរជាតិ។

លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានលើកទឹកចិត្តឱ្យផលិតករ ទាំងកសិករ សិប្បករ ឬឧស្សាហករ និងពាណិជ្ជករ ឬសេវាករ ជាជាងការ ប្រកួតប្រជែងគ្នាក្នុងស្រុក គឺត្រូវរួមគ្នាចងក្រងជាក្រុមផលិត ឬជាសមាគម ឬជាសហគមន៍ ហើយខិតខំធ្វើយ៉ាងណាប្រើប្រាស់សក្តានុពល ដែលមានតាមភូមិឋាន ឬអាចរកបាន ដើម្បីផលិតចេញនូវផលិតផលគ្រប់ដំណាក់កាល នៃខ្សែច្រវាក់ផលិតកម្ម ទាំងផលិតផលដែលឆ្លុះបញ្ចាំងពី លក្ខណៈវប្បធម៌ តាមបែបបុរាណនិងតាមបែបទំនើប ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ កាន់តែពិសេស និងកាន់តែល្អផ្តាច់ បំពេញឱ្យគ្នាទៅវិញទៅមក ដែលមានឧត្តមប្រយោជន៍ប្រៀបធៀបខ្ពស់ ក្នុងការដណ្ដើមឈ្នះទីផ្សារទាំងក្នុងនិងក្រៅប្រទេសជាដើម។

សម្ដេចធិបតី ក៏ធ្លាប់បានបញ្ជាក់ទៀតថា អ្វីដែលគួរឱ្យកត់សំគាល់ គឺថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជាគុណភាព ស្តង់ដាអនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ ស្លាកសញ្ញាសម្គាល់លើផលិតផលជា «ផលិតផលភូមិ១ផលិតផល១» ដែលមានចំនួន៥៥៩ ត្រឹមឆ្នាំ២០២៣ នៅទូទាំង២៥រាជធានីខេត្ត៕ អត្ថបទ៖ រង្សី