លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ID Capital PLC (IDC) បានរៀបចំកម្មវិធី បង្ហាញឱកាសវិនិយោគ “IDI Investment Roadshow” លើកទី៣ ដល់សហគ្រិនខ្មែរ និងបរទេសជាង ១០០នាក់ ក្រោម វាគ្មិនកិត្តិយសលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយតករមូលបត្រកម្ពុជា នៅមជ្ឃមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ មានប្រសាសន៍ថា IDI ជាសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ បានកំពុងតែរៀបចំ IDI Investment roadshow ជាកម្មវិធីមួយដែលយើងខិតខំបង្ហាញពីឱកាសវិនិយោគនៅកម្ពុជា ដោយនៅក្នុងនេះយើងបង្ហាញនូវ៤ចំណុចធំៗ រួមមាន៖ ១.ឱកាសវិនិយោគ ២.ការចែករំលែកនូវចំណេះដឹង ៣.ការចែករំលែកធុរកិច្ច ឬពាណិជ្ជកម្ម និង៤.អាចជួបជាមួយវិនិយោគិន អ្នកធ្វើពាណិជ្ជកម្ម ក្នុងវិស័យផ្សេងៗទាំងក្នុង និងក្រៅប្រទេស។
លោកបណ្ឌិតបានបន្ថែមថា កម្មវិធីនៅថ្ងៃនេះ មានអ្នកចូលរួមចុះឈ្មោះប្រមាណ១៥៤រូប ប៉ុន្តែជាក់ស្តែងមានចំនួនលើស១៥៤រូប។លោកបន្តថា នេះមិនមែនជាលើកទី១ទេដែលខាង IDI រៀបចំកម្មវិធី“IDI Investment Roadshow” ប៉ុន្តែនេះជាលើកទី៣ ហើយនៅក្នុងឆ្នាំ២០២៤នេះ។
សូមជម្រាបថា Investment Roadshow ជាវេទិកាឯកជនសម្រាប់វិនិយោគិន និងសហគ្រិន ទាំងក្នុង និងក្រៅប្រទេស ដែលត្រូវបានធ្វើឡើងជារៀងរាល់ ពីរខែម្តង ដែលបង្កើតឡើងដោយ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ក្នុងការចាប់យកឱកាសវិនិយោគ និងចូលរួមក្នុងកិច្ចពិភាក្សា អំពីលទ្ធភាពនៃការវិនិយោគនាពេលអនាគត គំនិតអាជីវកម្ម ការដោះដូរចំណេះដឹងគ្នាទៅវិញទៅមក និងការពង្រីកបណ្តាញនៃបុគ្គលដែលមានវិជ្ជាជីវៈក្នុងកិច្ចការវិនិយោគ។
សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ត្រូវបានបង្កើតឡើងសហគ្រិន ម្ចាស់សហគ្រាស ម្ចាស់ក្រុមហ៊ុនអាជីវកម្ម ដែលជាសមាជិកជាច្រើនស្ថាប័នចូលរួមជាបន្តបន្ទាប់។ IDI បច្ចុប្បន្ន កំពុងតែផ្តោតការវិនិយោគលើវិស័យសំខាន់ៗចំនួន៣ រួមមាន អចលនទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា៕