គម្រោងវិនិយោគចំនួន ២៤ ដែលមានទុន១២៩ លានដុល្លារ ទទួលបានការលើកទឹកចិត្ត ក្នុងក្របខ័ណ្ឌនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងវិនិយោគចំនួន២៤ជាមួយទុនវិនិយោគជិត១៣០លានដុល្លារ ដែលក្នុងនោះមានគម្រោងអគារជាប់គាំង បានទទួលបានការលើកទឹកចិត្តពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំមួយបានត្រូវធ្វើឡើងនាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិនិត្យលើគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើសុំ ការលើកទឹកចិត្ត, ការអនុគ្រោះ, ការសម្រួលនីតិវិធី, និង ការសម្របសម្រួលដោះស្រាយវិវាទ ។

អង្គប្រជុំ ដែលដឹកនាំដោយលោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ២៤ ដែលមានទំហំវិនិយោគ ១២៩ លានដុល្លារអាមេរិក រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, គម្រោងដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការពង្រីកគម្រោង, និង គម្រោងដែលមានស្រាប់ ។

សូមជម្រាបជូនថា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដោយដាក់ចេញនូវវិធានការនានា រួមទំាំងការផ្តល់អត្ថប្រយោជន៍ ពិសេស ជូនវិនិយោគិន និង ធុរជន ដែលស្នើសុំ និង អនុវត្តគម្រោងក្នុងឆ្នាំ ២០២៤ ក្នុងខេត្តព្រះសីហនុ ។ ផ្អែកតាមនេះ, រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានសមាសភាពចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តយន្តការត្រួតពិនិត្យ និង សម្រេចរួមគ្នាជាកញ្ចប់ តាមសមត្ថកិច្ចរបស់ក្រសួងស្ថាប័ននីមួយៗ ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ព្រមទាំងចំណាយពេលវេលាតិច ។

ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសនេះ, ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៦១ ដែលមានទំហំវិនិយោគសរុបប្រមាណ ៣,៧ ប៊ីលានដុល្លារអាមេរិក រួចមកហើយ ។ ចំនួននេះមានការកើនឡើងជាបន្តបន្ទាប់ គឺកើនឡើង ៦៧១% បើគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ មិថុនា ឆ្នាំ ២០២៤ ។ ជារួម, សរុបគម្រោងពីខែ កុម្ភៈ ដល់ខែ កក្កដា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់អត្ថប្រយោជន៍ពិសេស ជូនគម្រោងចំនួន ៨៥ ។ ជាមួយគ្នានេះ, ដើម្បីធានាការអនុវត្តដោយរលូន និង ដោះស្រាយបញ្ហាប្រឈមផ្សេងទៀតជាយថាហេតុ, ក្រុមការងារបានតាមដានការអនុវត្តគោលការណ៍លើកទឹកចិត្ត ដែលបានផ្តល់ជូនរួច និង រាយការណ៍ជូនអង្គប្រជុំជាប្រចាំ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ៕