ថ្នាក់ដឹកនាំ និងប្រតិភូ នៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តកោះកុង សហការរួមគ្នា ត្រៀមធ្វើទស្សនកិច្ចទៅកាន់ខេត្តកោះកុង រយៈពេល៣យប់ ៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ដើម្បីជាផ្នែកមួយក្នុងការជួយសម្រួលដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ទាំងជាតិ និងអន្តរជាតិ បានជួបជុំគ្នាបង្កើនឱកាសក្នុងការវិនិយោគ និងស្វែងយល់កាន់តែច្បាស់ថែមទៀត ពីសក្តានុពលដ៏ច្រើនសម្បើមរបស់ខេត្តកោះកុង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីអំពី «ទស្សនកិច្ចពាណិជ្ជកម្ម ទៅកាន់ខេត្តកោះកុង» នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នេះ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែផ្តាំផ្ញើមកកាន់ថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជាឲ្យខិតខំរិះរកធ្វើយ៉ាងណា យកចិត្តទុកដាក់លើកស្ទួយអាជីវកម្មក្នុងស្រុក ជាពិសេសក្នុងវិស័យ SME ឲ្យមានភាពរឹងមាំ អាចឲ្យគេទទួលស្គាល់ និងមានលទ្ធិភាពចូលទៅប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ដោយស្របតាមការណែនាំនេះហើយ ទើបអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កំពុងយកចិត្តទុកដាក់ និងបានដាក់គោលការណ៍សំខាន់ៗជាច្រើន ជំរុញរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មដ៏មានសារៈសំខាន់បែបនេះ ទៅតាមបណ្តាខេត្ត ដើម្បីបង្ហាញពីសក្តានុពល និងជាផែនទីបង្ហាញផ្លូវអាជីវកម្មនៅតាមបណ្តាខេត្តនានា។
ជាមួយគ្នានោះផងដែរ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះសមិទ្ធផលជាច្រើន ព្រោះប្រតិភូដែលជាម្ចាស់អាជីវកម្មចូលរួមជាមួយសភាពាណិជ្ជកម្មកម្ពុជាទៅកាន់ខេត្តកោះកុងនាពាក់កណ្តាលខែសីហាខាងមុខនេះ នឹងទទួលបានបទពិសោធន៍ថ្មីៗ ពីដំណាក់កាលនៃការគ្រប់គ្រងសង្វាក់ផលិតកម្ម ព្រមទាំងមានឱកាសអាចចាប់ដៃគូពាណិជ្ជកម្មនាពេលអនាគត ព្រោះថានៅក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តកោះកុងរយៈពេល ៣យប់ ៤ថ្ងៃនោះ សភាពាណិជ្ជកម្ម និងប្រតិភូ នឹងធ្វើដំណើរទស្សនកិច្ចស្វែងយល់អំពីបណ្តាក្រុមហ៊ុនសហគ្រាសនៅខេត្តកោះកុងដូចជា កំពង់ផែកោះកុង តំបន់សេដ្ឋកិច្ចពិសេស, អាកាសយានដ្ឋានខេត្តកោះកុង, ក្រុមហ៊ុនយូញៀន ឌីវីឡុបមិន គ្រុប (Union Development Group), ក្រុមហ៊ុនសហគ្រាសផលិត-កែច្នៃ គ្រឿងសមុទ្រ, សហគ្រាសលក់រាយ និងបោះដុំគ្រឿងសមុទ្រ ព្រមទាំងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកោះកុង, ជំនួបពាណិជ្ជកម្ម (B2B) ជាមួយពាណិជ្ជករខេត្តកោះកុង, អាហារសាម្គីជាមួយថ្នាក់ដឹកនាំខេត្ត និងសភាពាណិជ្ជកម្មខេត្តកោះកុងផងដែរ។
សូមជម្រាបថា កាលពីដើមខែកុម្ភៈ ដើមឆ្នាំ២០២៤ កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ ដែលរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំម្តងរួចមកហើយ នៅឯខេត្តបាត់ដំបង ដោយមានប្រតិភូចូលរួមសរុបចំនួន ២២រូប ក្នុងនោះ ១០រូប ជាពាណិជ្ជករថៃ។ ជាលទ្ធផល ក្រោយកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មបានបញ្ចប់ មានផលិតផលខ្មែរចំនួន ៣សហគ្រាសបានដាក់ចូលក្នុងម៉ាត 7-Eleven និងមានការដោះដូរពាណិជ្ជកម្មរវាងគណៈប្រតិភូ និងពាណិជ្ជករខេត្តបាត់ដំបងជាបន្តបន្ទាប់៕